ការសិក្សា: សហរដ្ឋអាមេរិក និងចិនជាប្រទេសសាងសង់ សណ្ឋារគារច្រើនជាងគេបំផុតនៅលើពិភពលោក

0

ការសិក្សា: សហរដ្ឋអាមេរិក និងចិនជាប្រទេសសាងសង់

សណ្ឋារគារច្រើនជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងឈានមុខគេ ក្នុងផ្នែកសំណង់សណ្ឋាគារជាសកល ដោយបានរៀបចំគម្រោងសណ្ឋាគារចំនួន៦.០៩៥គម្រោង សម្រាប់សាងសង់នាពេលអនាគត ដែលមានជាង៧០ម៉ឺនបន្ទប់។ នេះបើយោងតាម ​របាយការណ៍របស់ទីភ្នាក់ងារ Lodging Econometrics

ប្រទេសចិនឈរនៅលេខរៀងទី២ ដោយមានគម្រោងសណ្ឋាគារនាពេលអនាគតចំនួន៣.៨១៥គម្រោង ដែលមានជិត៧០ម៉ឺនបន្ទប់។ ប្រសិនបើបូកបញ្ចូលគ្នា ប្រទេសទាំង២នេះមានចំណែក៦៤ភាគរយ នៃគម្រោងសាងសង់សណ្ឋាគារសរុបទូទាំងពិភពលោក។

នៅសហរដ្ឋអាមេរិក  ទីក្រុង Dallas មានគម្រោងសណ្ឋាគារនាពេលអនាគត ច្រើនបំផុតចំនួន១៨៩គម្រោង និងមាន២២.៣៩២បន្ទប់។ ចំណែក ទីក្រុង Atlanta មានគម្រោងសណ្ឋាគារចំនួន១៥៩គម្រោង និងមាន១៨.៥២២បន្ទប់ លើសពីទីក្រុងធំៗរបស់ប្រទេសចិន ដូចជា ទីក្រុង Chengdu និងទីក្រុងសៀងហៃ។

របាយការណ៍បង្ហាញថា បច្ចុប្បន្ន គម្រោងសណ្ឋាគារចំនួន៦.២៦៥គម្រោង កំពុងស្ថិតក្រោមការសាងសង់ នៅទូទាំងពិភពលោក ខណៈគម្រោងចំនួន៥.២១៦ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការដំបូង។ គម្រោង​ទាំងនេះ ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​ខុសៗ​គ្នា ចាប់​ពី​ការ​ធ្វើ​ផែនការ​ដំបូង​ដល់​ដំណាក់កាល​សាងសង់។

លោក Dimitrios Buhalis សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Bournemouth នៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា “សណ្ឋាគារមាន​តម្រូវ​ការ​កាន់​តែ​ធំ ជា​ពិសេស​បន្ទាប់​ពី​ជំងឺកូវីដ។  មនុស្ស​ចង់​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​ពួក​គេ ​មិន​ឱ្យ​តម្លៃ​លើការទិញទំនិញ​សម្ភារៈ ប៉ុន្តែ​ពួកគេ​ឱ្យ​តម្លៃ​លើ​បទពិសោធន៍”។

សម្រាប់អនាគតខាងមុខ កំណើននៃការសាងសង់សណ្ឋាគារត្រូវបានគេរំពឹងថា នឹងបន្តមានភាពរ៉ឹងមាំ។និន្នាការនេះ នឹងជះឥទ្ធិពល ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាពិសេសវិស័យការងារ ទេសចរណ៍ និងអចលនទ្រព្យ៕ប្រភព:Newsweek

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here