ដោយៈ គង់ លាងហួរ
អន្តរជាតិ: សួនរមណីយដ្ឋានខ្នាត យក្ស Tokyo Disneyland របស់ ប្រទេសជប៉ុន បានសម្រេចបិទទីតាំងកំសាន្ត “Space Mountain” ដ៏ពេញនិយម និងល្បីល្បាញបំផុតរបស់ខ្លួន ដើម្បីធ្វើការជួសជុលដល់ឆ្នាំ២០២៧ខាងមុខ។
ការសម្រេចចិត្តនេះ កើតមានឡើង បន្ទាប់ពីខ្សែរថភ្លើង “Roller coaster” ក្នុងទីតាំងកំសាន្ត Space Mountain បានរត់ធ្វើដំណើរបានចម្ងាយសរុប ចំនួន២២,៦លានគីឡូម៉ែត្រ គិតចាប់តាំងពីបើកដាក់ឱ្យដំណើរការ ជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៣ ដែល ស្មើនឹង២៩ជុំរវាងផែនដី និងព្រះច័ន្ទ។
ក្រុមហ៊ុនទេសចរណ៍របស់ជប៉ុន Oriental Land Co. គ្រោងនឹងបណ្តាក់ទុនវិនិយោគ ប្រហែល៣៧២លានដុល្លារអាមេរិក ដើម្បីជួសជុល កែលម្អប្រព័ន្ធខ្សែរថភ្លើង Roller coaster ដោយរៀបចំឱ្យមានឥទ្ធិពលសំឡេង (Sound effects) និងការបញ្ចេញពន្លឺថ្មី ដើម្បីធ្វើឱ្យភ្ញៀវទេសចរណ៍ កាន់តែមានការងឿងឆ្ងល់ និងចាប់អារម្មណ៍មកលេងកំសាន្ត។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Oriental Land បានគូសបញ្ជាក់ថា ក្រុមហ៊ុនក៏គ្រោងសាងសង់ ទីធ្លាសាធារណៈថ្មីមួយនៅតំបន់ Tomorrowland របស់រមណីយដ្ឋាន Disneyland ដោយនឹងលេចរូបរាងឡើងនាពេលអនាគត។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មាន Kyodo។
សួនរមណីយដ្ឋាន Tokyo Disneyland បានបើកសម្ភោធនៅ ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨៣ ក្នុងទីក្រុង Urayasu នៃខេត្ត Chiba ក្បែរទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ខណៈសួនកំសាន្ត Tokyo DisneySea បានបើកសម្ពោធនៅពេលក្រោយនោះបន្តិច។ សួនកម្សាន្ត ទាំង២បានទទួលស្វាគមន៍ភ្ញៀវ ទស្សនារាប់រយលាននាក់គិតមកទល់ពេលបច្ចុប្បន្ន៕ប្រភព Kyodo៕