កម្ពុជានឹងប្រារពព្រឹត្តិការណ៍លំដាប់ពិភពលោកនិងពិព៌ណនានាចំនួន៩នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ឋជាតិ និងអន្តរជាតិនឹងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក និងពិព័ណ៌ជាតិ អន្តរជាតិចំនួន៩ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជា នៅត្រឹមដំណាច់ឆ្នាំនេះ។
ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រួវបានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកបញ្ជាក់ថា “ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួង ស្ថាប័ន និងផ្នែកឯកជនពាក់ព័ន្ធ ជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ធុរកិច្ចជាច្រើននៅខេត្ដសៀមរាប ដើម្បីជំរុញការស្តារឡើងវិញនូវវិស័យទេសចរណ៍”។
ព្រឹត្តិការណ៍ទេសចរណ៍ធំៗទាំងនោះ រូមមានដូចជា ទី១ ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានការចូលរួមពីរថយន្តប្រតិភូGumball 3000 ចំនួន១៥០គ្រឿង និងរថយន្តមហាជនគាំទ្រ ក្នុងស្រុកប្រមាណ២៥០គ្រឿង ដែលនឹងជួបជុំនៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក (Guinness World Records)។
ទី២ វេទិកាទេសចរណ៍កម្ពុជា-ចិន (Cambodia-China Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ទី៣ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅខេត្តសៀមរាប នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។
ទី៤ វេទិកាវប្បធម៌ពុទ្ធសាសនា និងទេសចរណ៍ឆ្នាំ២០២៤ (Buddhist Culture and Tourism Forum 2024) នៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ទី៥ ពិព័រណ៍ទេសចរណ៍ចិន ឆ្ពោះទៅកាន់ខេត្តសៀមរាប (China Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៦ ព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) នៅខេត្តសៀមរាប នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៧ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា (Cambodia-India Tourism Forum) នៅខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ទី៨ ពិព័រណ៍ទេសចរណ៍ឥណ្ឌា ឆ្ពោះទៅកាន់ខេត្តសៀមរាប (India Tourism Roadshow to Siem Reap) នៅខេត្តសៀមរាប នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ទី៩ យុទ្ធនាការទស្សនាសៀមរាប២០២៤ បន្ថែមពីព្រឹត្តិការណ៍ធំៗ ដែលបានរៀបចំនាពេលកន្លងមក ក្រសួងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា ផ្សារភ្ជាប់នឹងបេតិកភណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបផងដែរ។
លើសពីនេះទៀត ក្រសួងទេសចរណ៍ កំពុងរៀបចំគេហទំព័រ និងកម្មវិធីទូរសព្ទដៃVisit Cambodia ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងសម្រួលដល់ការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងទស្សនាកម្សាន្ត រួមទាំងការជ្រើសរើសកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមានភាពងាយស្រួលបន្ថែមទៀត។
ក្រសួងទេសចរណ៍ កំពុងសហការជាមួយស្ថានទូតចិន និងក្រុមហ៊ុន China Tourism Group ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរចិ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ម្យ៉ាងវិញទៀត ក្រសួងក៏កំពុងគិតគូរ ជំរុញការសិក្សាពាក់ព័ន្ធនឹងបទពិសោធន៍ ពេលរាត្រីនៅតំបន់អង្គរ យុទ្ធសាស្រ្តក្នុងការកំណត់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងការងារឌីជីថលអង្គរផងដែរ៕