សិង្ហបុរីគ្រោងអនុម័តច្បាប់ថ្មីដើម្បីកំណត់ការយកពន្ធកាន់តែខ្ពស់ពីអ្នកចូលកាស៊ីណូ

ចែករំលែក

សិង្ហបុរីគ្រោងអនុម័តច្បាប់ថ្មីដើម្បីកំណត់ការយកពន្ធកាន់តែខ្ពស់ពីអ្នកចូលកាស៊ីណូ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សិង្ហបុរីគ្រោងរៀបចំច្បាប់ថ្មី ដើម្បីកំណត់ការយកពន្ធចូលកាស៊ីណូ ពីប្រជាពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ចំនួន១៥០ដុល្លារសិង្ហបុរី (១១៤ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ និង៣.០០០ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំ។

វិធានការនេះជាផ្នែកមួយ នៃសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងកាស៊ីណូ ត្រូវបានបញ្ជូនទៅកាន់សភាដោយលោកស្រី Sun Xueling រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសសិង្ហបុរី។

នៅក្រោមច្បាប់ថ្មី បានស្នើឡើងបានចែងថា ជនទាំង​ឡា​យ​ណារំលោភលើលក្ខខណ្ឌ “Family Visit Limit” នឹងជាប់បទល្មើស ដែលត្រូវយកមកផ្តន្ទាទោស។ តើលក្ខខណ្ឌនេះមានន័យដូចម្តេច?។

លក្ខខណ្ឌ “Family Visit Limit” ត្រូវបានអនុវត្តន៍ដោយសមាជិកគ្រួសារ ក្នុងប្រទេសសិង្ហបុរី ដើម្បីកំណត់ចំនួនលើក ឬចំនួនដង ដែលសមាជិកណាមួយក្នុងគ្រួសារ អាចចូលកាស៊ីណូ ប្រសិនបើសកម្មភាពល្បែងស៊ីសង បានបង្កគ្រោះថ្នាក់ដល់សមាជិកគ្រួសារផ្សេងទៀត រួមទាំងបញ្ហាហិរញ្ញវត្ថុ និងផ្លូវចិត្ត និងការធ្វេសប្រហែសពីទំនួលខុសត្រូវក្នុងគ្រួសារ។ 

ក្រោយពីសភាអនុម័តរួចរាល់ ច្បាប់ថ្មីនេះនឹងពង្រីកបទប្បញ្ញត្តិ និងអំណាចរបស់អាជ្ញាធរ គ្រប់គ្រងល្បែងស៊ីសង (GRA) លើការត្រួតពិនិត្យសកម្មភាពកាស៊ីណូ ដោយគ្របដណ្ត​ប់ទាំងការភ្នាល់គ្នា និងឆ្នោតផ្សងសំណាង បន្ថែមពីលើហ្គេមមានស្រាប់។

ប្រសិនបើមានតម្រូវការចាំបាច់ កម្មវិធីហ្គេមដែលអាចដាក់ឱ្យប្រើប្រាស់ នៅលើឧបករណ៍ចល័ត ក៏អាចត្រូវបានអនុម័តដោយអាជ្ញាធរ GRA  បន្ទាប់ពីគេសង្កេតឃើញថា ក្រុមហ៊ុនផលិតទូរម៉ាស៊ីនហ្គេម កំពុងបង្កើតកម្មវិធីSoftware  ដែលអាចប្រើបាន នៅលើឧបករណ៍ថេប្លេតជាដើម៕ប្រភព: CNA៕

 


ចែករំលែក