អាជ្ញាធរស៊ិនជិនក្លាយជាទីក្រុងលំដាប់ទី១ដំបូងគេបង្អស់របស់ចិន ប្រកាសទិញផ្ទះពីអ្នកអភិវឌ្ឍន៍
ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរទីក្រុងស៊ិនជិន (Shenzhen) បានក្លាយជាទីក្រុងលំដាប់ទី១របស់ប្រទេសចិន សម្រេចទិញផ្ទះពីអ្នកអភិវឌ្ឍន៍ តបតាមការអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយស្តារវិស័យអចលនទ្រព្យឡើងវិញ។
ក្រុមហ៊ុនរដ្ឋចិន Shenzhen Public Housing Group បានប្រកាសថា ខ្លួនគ្រោងទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍ ដើម្បីប្រែក្លាយជាលំនៅដ្ឋានតម្លៃសមរម្យ។ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការ បង្ហោះនៅលើគណនី WeChat កាលពីពេលថ្មីៗនេះ។
ផ្ទះ(Home) ផ្ទះល្វែង(Flat) និងបន្ទប់ស្នាក់នៅរបស់បុគ្គលិកដែលមានទំហំ៦៥ម៉ែត្រការ៉េ នឹងត្រូវបានពិចារណាទិញដោយក្រុមហ៊ុនរបស់រដ្ឋ។ គម្រោងនេះនឹងបន្តអូសបន្លាយ ដល់ថ្ងៃទី៣១ ខែតុលា។នេះបើយោងតាមការជូនដំណឹង។
ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរចិនបានប្រកាសកញ្ចប់សង្គ្រោះជាប្រវត្តិសាស្ត្រ កាលពីខែឧសភា ដូចជាការចាក់បញ្ចូលដើមទុនវិនិយោគ ចំនួន៤២ពាន់លានដុល្លារដល់សហគ្រាសរដ្ឋក្នុងស្រុក ដើម្បីទិញផ្ទះពីម្ចាស់គម្រោង ដែលជួបប្រទះវិបត្តិសាច់ប្រាក់។
ទីក្រុងចំនួន១០ របស់ប្រទេសចិន ដូចជា ទីក្រុង Chongqing ទីក្រុង Kunming នៃខេត្ត Yunnan និងទីក្រុង Dalian ក្នុងខេត្ត Liaoning បានដាក់ចេញគម្រោងស្រដៀងគ្នា។ នេះបើយោងតាមការប៉ាន់ស្មាន របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ China Index Academy ។
ទីក្រុងស៊ិនជិន (Shenzhen) ជាទីក្រុងលំដាប់ទី១(First-Tier) ដំបូងគេបង្អស់ ដែលបានប្រកាសទិញផ្ទះ ពីគម្រោងជាប់គាំងរបស់អ្នកអភិវឌ្ឍន៍ ក្នុងចំណោមទីក្រុងលំដាប់ទី១ ទាំង៤ របស់ប្រទេសចិន (រួមមាន ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និងទីក្រុងស៊ិន ជិន)។
កាលពីខែកក្កដា នៅទីក្រុងប៉េកាំង សមាគមទីភ្នាក់ងារអចលនវត្ថុមួយ បានចាប់ផ្តើមកម្មវិធីសាកល្បង ក្រោមការណែនាំពីការិយាល័យលំនៅដ្ឋានរបស់ទីក្រុង ដើម្បីលើកទឹកចិត្តឱ្យប្រជាជនទិញផ្ទះថ្មី។ នៅក្រោមគម្រោងនេះ ប្រជាជនចិនអាចបញ្ជាទិញផ្ទះថ្មីជាមុន(Pre-order) ហើយសមាគមនឹងជួយរិះរកវិធីលក់ផ្ទះចាស់របស់ពួកគេចេញ៕ប្រភព: SCMP៕