ក្រសួងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ តភ្ជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម

0

ក្រសួងគ្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ តភ្ជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម

ដោយៈគង់ សូរិយា

ឦសាន្តៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកយិត បុណ្ណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវ តភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម)

គំរោងនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ របស់ក្រសួងជាច្រើនរូប។

នៅក្នុងបទបង្ហាញនេះដែរ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមាន (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ(៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង(៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោករដ្ឋលេខាធិការ បានលើកជាសំណួរបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់ នូវចំណុចសំខាន់ៗមួយចំនួន ទាក់ទងបច្ចេកទេសសាងសង់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះ បម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំនើ​នសេដ្ឋកិច្ច- សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើរប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។

លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ បានស្នើសុំឱ្យតំណាងក្រុមហ៊ុនCRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន០២ សម្រាប់ស្នើសុំយោបល់ឯកភាព ពីលោក រដ្ឋមន្រ្តី។

លោកយិន បុណ្ណា គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាព ពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះ នឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ៕

 

 

 


 

LEAVE A REPLY

Please enter your comment!
Please enter your name here