កម្ពុជាស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ចំណាយសមរម្យទាំង៥នៅតំបន់អាស៊ានសម្រាប់ពលរដ្ឋឥណ្ឌា

0

កម្ពុជាស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ចំណាយសមរម្យទាំង៥នៅតំបន់អាស៊ានសម្រាប់ពលរដ្ឋឥណ្ឌា

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ ជាប់់ឈ្មោះជាគោលដៅទេសចរណ៍ ចំណាយសមរម្យបំផុតទាំង៥នៅតំបន់អាស៊ាន សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Times of India

សារពត៌មាននេះបានលើកឡើងថា ចំពោះអ្នកដំណើរឥណ្ឌា កំពុងស្វែងរកគោលដៅទេសចរណ៍ ចំណាយសមរម្យ ប្រទេសទាំង៥ខាងលើនឹងផ្តល់នូវជម្រើសជាច្រើន ប្រកបដោយភាពរីករាយ និងមិនអាចបំភ្លេចបាន។

សារពត៌មាន Times of India បានចុះផ្សាយថា ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ មានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពគួរឱ្យភ្ញាក់ផ្អើល។ ក្នុងនោះ ប្រាសាទ​អង្គរវត្ត​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​យូណេស្កូ​ និងជាគោលដៅត្រូវ​តែ​មកទស្សនា ហើយសំបុត្រចូល​ទស្សនា និងកន្លែង​ស្នាក់នៅ​​ជាច្រើន ​នៅក្នុង​ខេត្ត​សៀមរាប មានតម្លៃសមរម្យ។

លើសពីនេះ អ្នកដំណើរអាចចូលភ្លក់អាហារ នៅតាមដងផ្លូវមានរសជាតិឆ្ងាញ់ ក្នុងតម្លៃក្រោម១៥០រូពី(ប្រហែល១,៧៩ដុល្លារ)។ចំណែក ការដឹកជញ្ជូនសាធារណៈ ដូចជា រ៉ឺម៉ក និងរថយន្តក្រុង ក៏មានតម្លៃសមរម្យផងដែរ។ ការណ៍នេះបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរដោយចំណាយថវិកាតិច។

ជាមួយគ្នានេះ ប្រទេសឡាវមានបរិយាកាស ស្ងប់ស្ងាត់ និងទេសភាពដ៏ស្រស់បំព្រង ជាគោលដៅល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរឥណ្ឌា។ ថ្លៃចំណាយលើការរស់នៅ មានកម្រិតទាប ហើយពលរដ្ឋឥណ្ឌាអាចចូលស្នាក់នៅផ្ទះសំណាក់មានតម្លៃសមរម្យ និងភ្លក់រសជាតិអាហារក្នុងស្រុក។  

រដ្ឋធានីវៀងច័ន្ទន៍ និងទីក្រុងហ្លួងប្រាបាង មានភាពល្បីល្បាញដោយសារផ្លូវធ្វើដំណើរ និងប្រាសាទបុរាណដ៏ទាក់ទាញ។ ចំណែក អាហារតាមដងផ្លូវនៅប្រទេសឡាវ មានរសជាតិឆ្ងាញ់ និងមានតម្លៃក្រោម១,៧៩ដុល្លារ។

ចំណែក ប្រទេសវៀតណាម ជាជម្រើសកំពូលសម្រាប់អ្នកធ្វើដំណើរចូលចិត្តចំណាយតិច។ ប្រទេសនេះផ្តល់ជូននូវបទពិសោធន៍ចម្រុះ រាប់ចាប់ពីការធ្វើដំណើរនៅលើដងផ្លូវមមាញឹកនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ និងភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ Ha Long។ អាហារតាមចិញ្ចើមផ្លូវរបស់វៀតណាមមានតម្លៃក្រោម២,៣៨ដុល្លារ។

រីឯ ប្រទេសមីយ៉ាន់ម៉ា ផ្តល់ជូនបទពិសោធន៍ធ្វើដំណើរដ៏ពិសេសមួយក្នុងតម្លៃសមរម្យ។ ទីក្រុងYangon និងទីក្រុង Mandalay ជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលមានជម្រើសកន្លែងស្នាក់នៅ ក្នុងតម្លៃសមរម្យ និងមានលក់អាហារតាមដងផ្លូវក្នុងតម្លៃក្រោម២,៣៨ដុល្លារ។

ម្យ៉ាងទៀត ប្រទេសថៃជាគោលដៅ ដ៏ពេញនិយមបំផុត និងជាប្រទេសមួយចំណាយតិច សម្រាប់ភ្ញៀវទេសចរណ៍។ទីក្រុងល្បីៗដូចជា រាជធានីបាងកក និងទីក្រុងឈៀងម៉ៃផ្តល់ជូនការស្នាក់នៅក្នុងតម្លៃសមរម្យ និងមានលក់អាហារតាមដងផ្លូវក្នុងតម្លៃប្រហែល២,៣៨ដុល្លារ៕ប្រភព: Times of India

LEAVE A REPLY

Please enter your comment!
Please enter your name here