ការបើកសម្ពោធលក់ខុនដូថ្មីនៅតំបន់Greater Bangkok ក្នុងឆ្នាំ២០២៤អាចទាបជាងការរំពឹងទុក

0

ការបើកសម្ពោធលក់ខុនដូថ្មីនៅតំបន់Greater Bangkok ក្នុងឆ្នាំ២០២៤អាចទាបជាងការរំពឹងទុក
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបើកដំណើរការលក់ខុនដូថ្មី នៅតំបន់ Greater Bangkok ក្នុងឆ្នាំ២០២៤ អាចនឹងមានចំនួនទាបជាងការព្យាករណ៍ពីមុន ស្របពេលតម្រូវការកំពុងធ្លាក់ចុះ ដោយសារបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand។
លោក Phattarachai Taweewong ប្រធាននាយកដ្ឋានស្រាវជ្រាវនៅក្រុមហ៊ុន Colliers Thailand បានលើកឡើងថា “ទីផ្សារខុនដូនៅទីក្រុងបាងកក មានសភាពស្ងប់ស្ងាត់ នៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារតែកំណើនសេដ្ឋកិច្ចថៃ និងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ”។
លោកបន្តថា ទីផ្សារខុនដូដែលមានតម្លៃមធ្យម និងតម្លៃទាប អ្នកទិញកំពុងជួបបញ្ហាជាមួយ នឹងបញ្ហាបំណុលក្នុងគ្រួសារ អត្រាការប្រាក់កើនឡើង និងការបដិសេធរបស់ធនាគារក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។
យោងតាមការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Colliers បង្ហាញថា ខុនដូថ្មីចំនួន៥.៣៨៦យូនីត ពីគម្រោងចំនួន១៥ ដែលមានទំហំទឹកប្រាក់សរុប ចំនួន៣៥,៦ពាន់លានបាត ត្រូវបានបើកដំណើរការនៅតំបន់ Greater Bangkokក្នុងត្រីមាសទីពីរ។
ក្នុងចំណោមខុនដូទាំង៥.៣៨៦យូនីតនោះ គេសង្កេតឃើញថា ខុនដូដែលមានតម្លៃខ្ពស់ចំនួន១.០០០យូនីត ពីគម្រោងចំនួន៤ ស្ថិតនៅក្នុងតំបន់កណ្តាលទីក្រុង សម្រេចបានអត្រានៃការលក់ដាច់ចំនួន៦៥% ។ ចំណែក ខុនដូនៅសេសសល់ មានទីតាំងនៅខាងក្រៅ តំបន់កណ្តាលទីក្រុង មានអត្រានៃការលក់ដាច់ត្រឹមតែ៣០% ប៉ុណ្ណោះ។
ចំនួនខុនដូថ្មី ដែលបើកដំណើរការលក់ នៅតំបន់Greater Bangkok ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានចំនួន៨.៦៧៤យូនីត ក្នុងទំហំទឹកប្រាក់សរុប ចំនួន៤៩,៣ពាន់លានបាត។ តួលេខនេះតំណាងឱ្យ ការដាំក្បាលចុះជិត៥០% បើធៀបនឹងខុនដូថ្មីចំនួន១៥.៤១៣យូនីត បានបើកដំណើរការលក់ ក្នុងរយៈពេល៦ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមដំណាច់ឆមាសទីមួយ ឆ្នាំ២០២៤ ស្តុកខុនដូ(condo inventory)នៅតំបន់ Greater Bangkok មានចំនួនសរុបប្រហែល៥៦.៨០០យូនីត។
លោក Phattarachai បានកត់សម្គាល់ថា ស្របពេលតម្រូវការនាពេលបច្ចុប្បន្ន កំពុងធ្លាក់ចុះ គេប៉ាន់ប្រមាណថា អ្នកអភិវឌ្ឍន៍ត្រូវចំណាយពេល៨៤ខែ ដើម្បីលក់ខុនដូនៅសេសសល់ឱ្យអស់ពីស្តុក។
លោក Phattarachai ព្យាករណ៍ថា ការបើកសម្ពោធដាក់លក់ខុនដូថ្មី នៅតំបន់Greater Bangkok នៅឆ្នាំនេះ នឹងមានចំនួនមិនលើសពី២៥.០០០យូនីតនោះទេ បើធៀបនឹងការព្យាករណ៍ដំបូងចន្លោះពី៣០.០០០យូនីត ទៅ៣៥.០០០យូនីត។
តំបន់ Greater Bangkok ជាពាក្យសំដៅលើតំបន់គ្របដណ្តប់លើទីក្រុងបាងកក និងខេត្តជាប់ព្រំទល់រាជធានីចំនួន៤រួមមាន ខេត្តណុនថាបុរី ខេត្តផាធុមថានី ខេត្តសាមុតប្រាកាន និងខេត្តសាមុតសាខន៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here