រថភ្លើងលើអាកាសនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរគ្រោងបើកដំណើរការនៅឆ្នាំ២០២៥

ចែករំលែក

រថភ្លើងលើអាកាសនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរគ្រោងបើកដំណើរការនៅឆ្នាំ២០២៥

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានអះអាងថា សេវាកម្មរថភ្លើងលើអាកាសនៅអាកា​សយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ (KLIA) គ្រោងនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

លោក​បាន​បន្ត​ថា រថភ្លើង​ចំនួន២គ្រឿង​ ត្រូវបាន​នាំចូលមក​ដល់​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​សប្តាហ៍​មុន ហើយ​កំពុង​ឈា​ន​ដល់​ដំណាក់កាល​ដំឡើង និងបន្តចូលទៅកាន់ដំណាក់កាលត្រួតពិនិត្យ។

លោក​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ប្រទេសម៉ាឡេស៊ីបាន​មានប្រសាសន៍ឱ្យដឹង​ថា ការ​ត្រួត​ពិនិត្យ​រថភ្លើងទាំង២គ្រឿងនេះ ​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលាខាងមុខ។  នេះមានន័យថា រថភ្លើងនឹងត្រូវបានតេស្តសាកល្បង ធ្វើដំណើរនៅលើផ្លូវដែកមានស្រាប់”។

ត្រង់ចំណុចនេះ លោក​បាន​គូសបញ្ជាក់ថា​ “ដូច្នេះ​ ខ្ញុំ​សូម​ពន្យល់​អ្នក​ដំណើរ​ និង​សាធារណជន​ឱ្យបានជ្រាបថា​ ប្រសិ​ន​បើ​​ឃើញរថភ្លើង​លើអាកាស​នេះ បើកដំណើរការ​នោះ​គ្រាន់តែជា​ការ​សាកល្បង​ជាមុនសិន ដើម្បី​ធានា​ថា​ អ្វីៗ​ដំណើរការ​ដោយ​រលូន​”។

លោក Anthony Loke បានណែនាដល់ប្រតិបត្តិករអាកាសយានដ្ឋាន Malaysia Airports Holdings (MAHB) ត្រូវតាមដានយ៉ាងដិតដល់នូវដំណើរការ និងការធ្វើតេស្តទាំងអស់ ដោយធានាថា កិច្ចការនេះត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ ដើម្បីបញ្ចៀ​សកុំឱ្យមានការពន្យារពេលបន្ថែមទៀត។

លោកបានបន្តថា “ឆ្នាំ២០២៥ ជាឆ្នាំដ៏សំខាន់សម្រាប់ប្រ​ទេសម៉ាឡេស៊ី ព្រោះយើងនឹងធ្វើជាប្រធាន ប្តូរវេនអាស៊ាន ដោ​យយើងនឹងមានការរៀបចំ កិច្ចប្រជុំកំពូលអន្តរជាតិ ហើយយើងរំពឹងថា រថ​ភ្លើងលើអាកាសនេះនឹងបញ្ចប់រួចរាល់”។

លោក Anthony Loke បានឱ្យដឹងថា ប្រតិបត្តិករអាកាសយានដ្ឋាន MAHB នឹងទទួលបានរថភ្លើងចំនួន៣គ្រឿង។ រថភ្លើងនីមួយៗ អាចផ្ទុកអ្នកដំណើរបានចំនួន២៧០នាក់។ រថភ្លើងទី៣ នឹង​ត្រូវបាននាំចូលមក​ដល់​ក្នុង​ខែ​តុលា ហើយ​ត្រូវ​ប្រើ​ជា​រថភ្លើង​បម្រុង”។

ចំណែក សេវា​រថយន្ត​ក្រុង​ ដែល​បាន​បើកដាក់ឱ្យប្រើប្រា​ស់ជំនួស​ផ្លូវ​រថភ្លើង​ពី​មុន​ នឹង​នៅតែបន្ត​ដំណើរការជា​ជម្រើស​សម្រាប់​ដឹកជញ្ជូនអ្នក​ដំណើរ ដោយសារ​មាន​អ្នក​ដំណើរ​ជាច្រើន​ត្រូវ​ធ្វើដំណើរបន្ត ទៅកាន់តំបន់ផ្សេងទៀត៕ប្រភព: The Strait Times៕


ចែករំលែក