មន្រ្តីជាន់ខ្ពស់កម្ពុជានឹងទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិកនាចុងខែកញ្ញានេះ

ចែករំលែក

មន្រ្តីជាន់ខ្ពស់កម្ពុជានឹងទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិកនាចុងខែកញ្ញានេះ

​ដោយៈ គង់ ម៉ាលីនណា

​ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងដឹកនាំគណៈប្រតិភូទៅគោះទ្វារអ្នកវិនិយោគនៅអាមេរិក។

​លោកបានថ្លែងបែបនេះ ក្នុងពេលអនុញ្ញាតជូន លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនដល់គណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសម្តែងនូវអំណរគុណ ដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។

ជាក់ស្ដែង មានក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិកមួយចំនួន ដែលទទួលបានជោគជ័យ លើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពីសហរដ្ឋអាមេរិក និងសហគមអឺរ៉ុបនៅកម្ពុជា។ ជាមួយគ្នានេះ លោកឧបនា​យករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិន នៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយ ពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាមេរិកមកកម្ពុជាផងដែរ។

ក្រោមកិច្ចសម្របសម្រួលវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោកឧបនាយករដ្ឋមន្រ្តី រំពឹងថាការវិនិយោគ ដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។

ទន្ទឹមនឹងនេះ ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

លោកស្រីភារធារី បានបង្ហាញនូវសុទិដ្ឋិនិយម អំពីកិច្ចខិត​ខំរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារ ក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខ។ បន្ថែ​មពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថាកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕


ចែករំលែក