គេហទំព័រPropertyareaចុះMOUជាមួយសមាគមCVEAជម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ

ចែករំលែក

គេហទំព័រPropertyareaចុះMOUជាមួយសមាគមCVEAជម្រុញការផ្សព្វផ្សាយព័ត៌មាន និងលើកកំពស់វិស័យអចលនទ្រព្យ

​ដោយៈ ស៊ីវ ម៉េង

​ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា(CVEA) បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយគេហទំព័រPropertyarea.asia ដែលជាបណ្តាញពផ្សព្វផ្សាយព័ត៌មាន អចលនទ្រព្យឈានមុខគេនៅកម្ពុជា។

​ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ កញ្ញានេះ ដោយមានការអញ្ជើញចូលរួមពីលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោ​កសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា(CVEA) និងថ្នាក់ដឹកនាំ សមាជិក សមាជិកាសមា គមជាច្រើនរូបទៀត។

​លោកយិន លាងគង់បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការកាលពីខែកញ្ញា ឆ្នាំ២០១៧ គេហទំព័ររបស់យើងបានរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអចលនវត្ថុ សេដ្ឋកិច្ច ទេសចរណ៍ ផ្សារហ៊ុន ហិរញ្ញវត្ថុយ៉ាងសកម្ម ដើម្បីចូលរួមជាមួយផ្នែកឯកជននៅក្នុងវិស័យនេះ និងគាំទ្រគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញការផ្តល់ទំនុកចិត្ត ដើម្បីទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា។

​លោកបន្តថា “យើងផ្តោតលើព័ត៌មានវិជ្ជមាន ព្រោះវាជាពន្លឺឬជាប្រទីប ប៉ុន្តែយើងបដិសេធព័ត៌មានអវិជ្ជមាន និងបំពុល ព្រោះវានឹងពុលដល់សង្គម”។ លោកបន្តថា “ក្នុងការឈរជើង   រយៈពេល៨ឆ្នាំ ក្នុងសមរភូមិផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ពិសេ​សវិស័យអចលនទ្រព្យ គេហទំព័រនេះបានរួមចំណែកផ្សព្វផ្សា​យ និងធ្វើឲ្យបរិយាកាសវិនិយោគក្នុងវិស័យនេះ ដើរតាមនិន្នា​ការវិជ្ជមាន”។

ជាមួយគ្នានេះ លោកសន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ ដើម្បីយើងធ្វើការរួមគ្នា ក្នុងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តិនានា លើការផ្តល់សេវាកម្មរបស់យើង នៅក្នុងវិស័យនេះ។

លោកបន្តថា “ការពង្រឹងច្បាប់ ជាយុទ្ឋសាស្រ្តរបស់យើងមួយនៅក្នុងយុទ្ឋសាស្រ្ត “ព”ទាំងបីរបស់យើង”។

​“ព” ទី១ គឺការពង្រឹងការអនុវត្តន៍ច្បាប់ សម្រាប់ទាំងអស់គ្នា ដើ​ម្បីយើងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព​ និងផ្តោតលើគុណភាពសេវាកម្មជាចម្បង ព្រោះមានតែការគោរពច្បាប់ទេ ទើបយើងអាចជៀសពីបញ្ហាផ្សេងៗ និងអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។

​“ព”ទី២ គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យើង ដោយសមាគមនឹងរៀបចំផ្សព្វផ្សាយ ការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់អ្នកនៅក្នុងវិជ្ជាជីវៈរបស់យើង ដើម្បីទទួលបានអាជ្ញាប័ណ្ណវិជ្ជាជីវៈ ពីនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។

​“ព”ទី៣ គឺការពង្រឹងការការពារវិជ្ជាជីវៈរបស់យើង អញ្ចឹង​ការសហការជាមួយគេហទំព័រPropertyarea.asia ដើម្បីឲ្យស្ថាប័នព័ត៌មាន ជួយផ្សព្វផ្សាយឲ្យអ្នកគ្មានអាជ្ញាប័ណ្ណ គាត់ងាកមកសុំអាជ្ញាប័ណ្ណ ដើម្បីឲ្យការផ្តល់សេវាកម្ម ដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែមានទំនុកចិត្ត។

​លោកសន សៀបបានបន្តថា “ជំនាញនិងវិជ្ជាជីវៈ ប្រៀបដូចជាវេជ្ជបណ្ឌិតចឹង បើគាត់មានជំនាញ និងបទពិសោធន៍តិចតួច យកទៅមើលអ្នកជំងឺ គឺមិនអាចព្យាបាលបាន គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។ លោកបន្តថា “បើគាត់គ្មានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គាត់ត្រូវប្រឈមមុខចំពោះច្បាប់ ព្រោះមិនអាចឲ្យអ្នកដទៃទៀត ខូចឈ្មោះដោយសារគាត់នោះទេ”។

​លោកយិន លាងគង់ដែលជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)ផងដែរនោះ បាននិងកំពុងធ្វើការជាមួយស្ថាប័ន និងអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលមានគុណវុឌ្ឍិជាច្រើន ដើម្បីផ្សព្វផ្សាយ និងគាំទ្រគោលនយោ​បាយសេដ្ឋកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីផ្តលើទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានទូលំទូលាយ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ៕


ចែករំលែក