អាជ្ញាធរថៃបង្ហាញក្តីបារម្ភ ខណៈអ្នកវិនិយោគឯកជនកំពុងសម្រុកទិញដីច្រើននៅខេត្តត្រាត

0

អាជ្ញាធរថៃបង្ហាញក្តីបារម្ភ ខណៈអ្នកវិនិយោគឯកជនកំពុងសម្រុកទិញដីច្រើននៅខេត្តត្រាត

ដោយ: គង់ លាងហួរ

បាងកក: មន្ដ្រីជាន់ខ្ពស់ថៃ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើង នៃការទិញដីនៅលើកោះ Chang ក្នុងខេត្តត្រាតមានព្រំប្រទល់ជាប់ជាមួយកម្ពុជា ខណៈអ្នកទិញជាប់ការសង្ស័​យថា មានជាប់ពាក់ព័ន្ធទៅនឹងអាជីវកម្មខុសច្បាប់។

លោក Chaiwat Limlikhit-aksorn ប្រធានការិយាល័យឧទ្យា​នជាតិ ចំណុះក្រោមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងមជ្ឈ​មណ្ឌលអភិរក្សរុក្ខជាតិ បានលើកឡើងថា អ្នកវិនិយោគឯកជនបានទិញដីយ៉ាងច្រើនពីអ្នកស្រុក។

លោក Chaiwat បានមានប្រសាសន៍ឱ្យដឹងថា “អ្នកវិនិយោ​គមួយចំនួន ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួ​យអាជីវកម្មខុសច្បាប់។ ហេតុនេះរដ្ឋាភិបាល និង​ក្រុមមន្ត្រី​មូលដ្ឋាន​ត្រូវ​តែ​តាម​ដាន​ឱ្យបានដិតដល់”។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ធំៗ​បាន ​និង​កំពុង​ពង្រីក​អាជីវកម្ម​​នៅ​លើ​កោះ​នេះ ដោយធ្វើ​ឱ្យចំនួន​សហគ្រាស​មូលដ្ឋាន ​ថមថយ​ចុះបន្តិច​ម្តងៗ។  លោក​បាន​បញ្ជាក់ថា​ “អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក ​កំពុង​ងាក​មក​ទិញទំនិញ និង​សេវាកម្មទំនើបៗ​របស់ក្រុមហ៊ុន​អាជីវកម្ម​ធំៗ​”។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ ការទន្ទ្រានយកដីអភិរក្សនៅក្នុងតំបន់ឧទ្យានជាតិ លោកChaiwat បានអះអាងថា បច្ចេកវិទ្យាទំនើប និងរូបភាពផ្កាយរណប ត្រូវបានប្រើប្រាស់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការទន្ទ្រានយកដី។

ទាក់ទងនឹងវិធីសាស្ត្រ​ ដោះស្រាយ​សកម្មភាព​ជិះ​ម៉ូតូទឹកជុំវិញ​ឧទ្យានជាតិ​សមុទ្រ​កោះ​ Chang  លោក​បាន​ថ្លែង​ថា ឧទ្យានជាតិ​សមុទ្រ​ ត្រូវបានបង្កើត​ឡើង ​ដោយ​ប្រមូលផ្តុំប្រជុំ​កោះ​ចំនួន៥២ មាន​ផ្ទៃ​ក្រឡា៦៥០គីឡូម៉ែត្រ​ក្រឡា ហើយកោះ Chang ជាកោះធំជាងគេ។

លោកបានបន្ថែមថា “យើងត្រូវពិចារណាថា តើគួរអនុញ្ញា​តឱ្យភ្ញៀវទេសចរណ៍ ជិះម៉ូតូទឹកនៅតំបន់កម្មសិទ្ធិឯកជន ឬតំបន់ឧទ្យានជាតិ”។ លោកបន្តថា “ប្រសិនបើពួកគេជិះនៅក្នុងអាងស្តុកទឹកសាធារណៈ ពួកគេអាចមានបញ្ហា។ ប៉ុន្តែជាទូទៅ ការជិះម៉ូតូទឹក ជាផ្នែកមួយនៃសកម្មភាពទេសចរណ៍”៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here