រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងសាងសង់បណ្តាញផ្លូវបង់ប្រាក់ថ្មីមួយគ្របដណ្តប់កោះបាលី
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Uno បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំផែនការ សាងសង់ផ្លូវបង់ប្រាក់ថ្មីមួយ(Toll road)នៅលើកោះបាលី។
-->
ផែនការនេះមានគោលបំណង តភ្ជាប់រមណីយដ្ឋានទេសចរណ៍ នៅតំបន់ភាគខាងត្បូងកោះបាលី ទៅកាន់តំបន់ភាគខាងជើងនៃកោះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័ត ផ្តល់ការគាំទ្រចំពោះគម្រោងនេះ។
កន្លងមក លោករដ្ឋមន្ត្រី Sandiaga Uno និងក្រុមមន្ត្រីមូលដ្ឋានពាក់ព័ន្ធ ផ្នែកទេសចរណ៍នៅកោះបាលី បានពិភាក្សាគ្នាជាយូរមកហើយអំពីតម្រូវការចាំបាច់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយ នៃការតភ្ជាប់រវាងរមណីយដ្ឋាន ភាគខាងត្បូងកោះបាលី និងរមណីយដ្ឋានភាគខាងជើង។
បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ភាគច្រើន របស់កោះបាលីចូលចិត្តប្រមូលផ្តុំ នៅក្នុងតំបន់រដ្ឋបាលគ្រប់គ្រងកោះបាលី “Badung Regency” ព្រោះតំបន់នេះ សម្បូររមណីយដ្ឋានទេសចរណ៍មាត់ឆ្នេរសមុទ្រល្បីៗជាច្រើន។
ការកសាងផ្លូវបង់ថ្លៃ ក៏មានគោលដៅជួយបញ្ចៀសលំហូរភ្ញៀវទេសចរណ៍ច្រើនហួសហេតុ នៅតំបន់ភាគខាងត្បូង និងលើកកម្ពស់ទេសចរណ៍វប្បធម៌ និងនិរន្តរភាពបន្ថែមទៀតនៅតំបន់ភាគខាងជើង ភាគខាងលិច និងភាគខាងកើតនៃកោះបាលី។
បច្ចុប្បន្ន តំបន់រមណីយដ្ឋានភាគខាងត្បូង កោះបាលីមានមធ្យោបាយតភ្ជាប់ល្អប្រសើរ ហើយភ្ញៀវទេសចរណ៍មានជម្រើសច្រើន ដូចជា ការហៅតាក់ស៊ី និងអ្នកបើកបរឯកជន។ ប៉ុន្តែ សេវាកម្មដឹកជញ្ជូនអ្នកដំណើរទៅកាន់ភាគខាងជើងកោះបាលីមានស្ថានភាពពិបាក ព្រោះបណ្តាញផ្លូវភាគខាងជើងមានការអភិវឌ្ឍតិចជាងតំបន់ភាគខាងត្បូង។
លោក Uno បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “តំបន់រមណីយដ្ឋានទេសចរណ៍ ភាគខាងជើងកោះបាលី ពិបាកទាក់ទាញបានភ្ញៀវទេសចរណ៍ ដោយសារតែកត្តាផ្លូវធ្វើដំណើរជួបប្រទះការលំបាក”។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ យើងត្រូវបង្កើតផ្លូវបង់ប្រាក់ ឆ្លងកាត់តាមភាគកណ្តាលកោះបាលី ដើម្បីតភ្ជាប់រមណីយដ្ឋាននានាពីភាគកណ្តាលខាងត្បូង ទៅភាគកណ្តាលខាងជើង៕ប្រភព: The Bali Sun៕
