ម៉ាឡេស៊ីប្រកាសបន្តសកម្មភាពរុករកប្រេង និងឧស្ម័ននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខក្នុងសមុទ្រចិនខាងត្បូង
ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ម៉ាឡេស៊ីគ្រោងនឹងបន្តការរុករកប្រេង និងឧស្ម័ន នៅតំបន់សមុទ្រចិនខាងត្បូង បើទោះបីជាមានការជំទាស់ពីទីក្រុងប៉េកាំង ស្ដែងឡើងតាមរយៈឯកសារបែកធ្លាយយ៉ាងណាក្តី។
ទោះបីជាយ៉ាងណាក្តី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាន់ជំហរផ្សះផ្សា ដោយលោកបានប្រកាសចាត់ទុក ប្រទេសចិនជាមិត្ត និងបញ្ជាក់ថា ប្រទេសទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហានេះ។
កន្លងមក ក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ាឡេស៊ី Petronas បានធ្វើប្រតិបត្តិការអណ្តូងប្រេង និងឧស្ម័ននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ ប្រទេសចិនបានទាមទារផ្លូវទឹក ស្ទើរតែទាំងស្រុង ទោះបីជាមានការជំទាស់ ពីបណ្តាប្រទេសផ្សេងទៀត និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិថា ការទាមទាររបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់យ៉ាងណាក្តី។
លោកអាន់វ៉ា បានថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសរុស្ស៊ីថា “ការរុករកប្រេងរបស់យើង ពិតជាស្ថិតនៅក្នុងដែនទឹករបស់យើង។យើងនឹងពន្យល់ពីជំហររបស់យើង ទៅកាន់ប្រទេសចិនថា យើងមិនមានចេតនាបង្កហេតុ និងអរិភាពដោយមិនចាំបាច់ណាមួយឡើយ”។
លោកបន្តថា ចិនជាមិត្តដ៏អស្ចារ្យ ប៉ុន្តែជាការពិតណាស់ យើងនឹងត្រូវធ្វើប្រតិបត្តិការ នៅក្នុងដែនទឹករបស់យើង និងធានាអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង”។
សារព័ត៌មានហ្វីលីពីន Inquirer.net កាលពីសប្តាហ៍មុន បានចុះផ្សាយនូវឯកសារ ការទូតបែកធ្លាយមួយ ដោយចិនបានទាមទារឱ្យម៉ាឡេស៊ី បញ្ឈប់សកម្មភាពរុករកប្រេង និងឧស្ម័នទាំងអស់ចេញពីរដ្ឋ Sarawak នៅលើកោះ Borneo ។
ទីក្រុងប៉េកាំង បានបញ្ជាក់ក្នុងកំណត់ហេតុថា ម៉ាឡេស៊ីកំពុងទន្ទ្រានយកទឹកដីចិន។
ទាក់ទងនឹងបញ្ហានេះ ក្រសួងការបរទេសម៉ាឡេស៊ីបានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការបែកធ្លាយនេះ។ ប៉ុន្តែ ភាគីម៉ាឡេស៊ី មិនបានបដិសេធខ្លឹមសារ នៃឯកសារបែកធ្លាយនោះទេ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់បន្ថែមថា “យើងត្រូវតែបន្តការរុករក ដោយសារតែនេះ ជាបញ្ហានៃការរស់រានមានជីវិតផ្នែកសេដ្ឋកិច្ចរបស់ប្រទេសយើង”។ លោកបន្តថា “ម៉ាឡេស៊ីបើកចំហ ក្នុងការពិភាក្សាអំពីបញ្ហានេះ ជាមួយប្រទេសចិន ប៉ុន្តែពុំមែនមានន័យថា យើងត្រូវបញ្ឈប់នោះទេ”៕ប្រភព: AFP៕