ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ

ចែករំលែក

ថៃដាក់ចេញយុទ្ឋនាការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនចំនួន៣,៥លាននាក់ក្នុងរយៈពេល៤ខែចុងក្រោយ

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបានចាប់ផ្តើមសកម្មភាព ផ្សព្វផ្សាយទេសចរណ៍ជាបន្តបន្ទាប់ជាមួយក្តីសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរណ៍ចិន ចំនួន៣,៥លាននាក់ ក្នុងរយៈពេល៤ខែចុងក្រោយនៃឆ្នាំនេះ ដើម្បីបំពេញឱ្យគ្រប់គោលដៅកំណត់ ក្នុងឆ្នាំ២០២៤។

ថៃ ក្នុងឋានៈជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ក្នុងតំបន់អាស៊ាន បានកំណត់គោលដៅ ទាក់ទាញភ្ញៀវទេសចរ​ណ៍ចិនចំនួន៨លាននាក់នៅឆ្នាំនេះ។ គិតមកទល់ពេលបច្ចុប្ប​ន្ន ថៃបានទទួលជនជាតិចិនចំនួន៤,៥៥លាននាក់រួចមកហើ​យ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមក។នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT)។

សារពត៌មាន The Nation  បានរាយការណ៍ថា លោក ThapaneeKiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃអះអាងថា ក្រុមមន្ត្រីទេសចរណ៍ថៃ នឹងសហការជាមួយក្រុមអ្នកមានឥទ្ធិពលល្បី លើបណ្តាញសង្គម (Influencer)ជាង១០០នាក់ នៅក្នុងប្រទេសចិន ដើម្បីបង្កើនកិត្យានុភាពទេសចរណ៍ថៃ។

លើសពីនេះ អាជ្ញាធរទេសចរណ៍ថៃ គ្រោងរៀបចំផ្សព្វផ្សា​យសកម្មភាពកំសាន្តនៅថៃ តាមរយៈវេទិកាអនឡាញ ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម Little Red Book បណ្តាញសង្គម Weibo កម្មវិធី Tiktok និងវេទិកាចែករំលែកវីដេអូអនឡាញ BiliBili។

លើសពីនេះ អាជ្ញាធរថៃ និងភ្នាក់ងារវេទិកាកក់ដំណើរទេស​ច​រណ៍ ដ៏ពេញនិយមបំផុតរបស់ប្រទេសចិន នឹងផ្តល់ជូននូវការផ្សព្វផ្សាយ ដូចជាការផ្តល់ជូនពិសេស ប័ណ្ណបញ្ចុះតម្លៃ និងវត្ថុអនុស្សាវរីយ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិន កក់ការធ្វើដំណើរទៅកាន់ប្រទេសថៃ។

រហូតមកទល់ពេលនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេ​សចរណ៍បរទេសសរុប ចំនួន២១,៧លាននាក់ ដោយចំនួនភ្ញៀវទេសចរណ៍ចិន និងម៉ាឡេស៊ីជាចំនួននាំមុខគេ។

នៅក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺរាតត្បាត ថៃបានទាក់ទាញអ្នកដំណើរបរទេស ចំនួន៣៩,៩លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន១,៩១ទ្រីលានបាត (ប្រហែល៥១,៩ពាន់លានដុល្លារ) ខណៈសេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំង ចំពោះវិស័យទេសចរណ៍៕ប្រភព: Vnexpress៕


ចែករំលែក