មន្ត្រីជាន់ខ្ពស់បង្ហាញកត្តាចំនួន២ ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមានសក្ដានុពល

0

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីជាន់ខ្ពស់ចិនអះអាងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែមានសក្ដានុពល និងឱកាសដ៏អស្ចារ្យ ដោយសារកត្តានគរូបនីយកម្ម និងកត្តាចំនួនប្រជាជនត្រូវការលំនៅដ្ឋានគុណភាពល្អបន្តកើនឡើង។

លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បានលើកឡើងថា ប្រទេសចិននឹងផ្តោតលើការផ្តល់លំនៅដ្ឋានគុណភាពល្អ ដល់សាធារណជន និងកែលម្អវិស័យលំនៅដ្ឋាន និងការអភិវឌ្ឍន៍តំបន់ទីក្រុង និងជនបទ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សញ្ញាវិជ្ជមានបានលេចចេញជារូបរាង ស្របពេលវិធានការណ៍ គោលនយោបាយផ្សេងៗរបស់រដ្ឋាភិបាល បានចាប់ផ្តើមចូលជាធរមាន។

លោក Ni Hong បានបន្តថា ទីផ្សារលំនៅដ្ឋាននរបស់ប្រទេសចិន បានឈានចូលដល់ដំណាក់កាល នៃការអភិវឌ្ឍ ថ្មី​មួយ ខណៈប្រជាជនក្នុងប្រទេសនេះ កំពុងយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះគុណភាពលំនៅដ្ឋាន។

រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានរូបនេះបានអះអាងថា “វាដល់ពេលហើយ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា ផលិតផល និងសម្ភារៈថ្មី ក្នុងការសាងសង់ផ្ទះ ស្របពេលមានការរំពឹងទុកថ្មីពីអ្នកទិញ”។

លោក Ni Hong បានលើកទឹកចិត្តឱ្យបណ្តាអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនម៉ៅការសំណង់ ផ្លាស់ប្តូរចេញពីការសាងសង់លឿ​នផ្តោតតែលើបរិមាណ ទៅជាការសាងសង់ផ្ទះ ផ្តោតលើគុណភាព បច្ចេកវិទ្យា និងសេវាកម្ម។

ជាមួយគ្នានេះ ស្របពេលរដ្ឋាភិបាលចិន កំពុងបន្តធ្វើនគរូបនីយកម្មនៅទូទាំងប្រទេស រដ្ឋបាលក្នុងតំបន់កំពុងពង្រីកការផ្គត់ផ្គង់លំនៅដ្ឋាន និងជម្រើសជួលមានតម្លៃសមរម្យ ដើម្បីបំពេញកំណើនតម្រូវការពីកម្មករ យុវជន និងអ្នករស់នៅក្នុងទីក្រុងទើបបង្កើតថ្មី។

យោងតាមទិន្នន័យពីក្រសួងលំនៅដ្ឋានចិន បានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ទុនវិនិយោគជាង៤៤០ពាន់លានយ័ន ត្រូវបានចាក់បញ្ចូលគម្រោងសាងសង់ លំនៅដ្ឋានតម្លៃសមរម្យ និងផ្ទះបណ្តោះអាសន្ន សម្រាប់ប្រជាជនរងផលប៉ះពាល់ ពីការឈូសឆាយផ្ទះដើម្បីពង្រីកទីក្រុង។

លោក Dong Jianguo អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទលើកឡើងថា រដ្ឋបាលមូលដ្ឋានត្រូវតែប្រកាន់ខ្ជាប់ នូវស្តង់ដារលំនៅដ្ឋានល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅក្នុងលំនៅដ្ឋាន ប្រកបដោយសុខភាពល្អ និងងាយស្រួល”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here