ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ រួមមាន ចិន ឥណ្ឌា និងរុស្ស៊ី គ្រោងសហការគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅលើឋានព្រះចន្ទ។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មាន Economics Times។
គម្រោងប្រកបដោយមហិច្ឆិតានេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនអវកាសRosatom របស់រដ្ឋាភិបាលរុស្ស៊ី ក្នុងគោលដៅបង្កើតរោងចក្រ ថាមពលនុយក្លេអ៊ែរតូចមួយ ទំហំ០,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាននៅលើឋានព្រះចន្ទ។
នៅក្នុងវេទិកា Eastern Economic Forum លោក Alexey Likhachev ប្រធានក្រុមហ៊ុន Rosatom បានទម្លាយឱ្យដឹងថា ប្រទេសចិន និងឥណ្ឌា បង្ហាញចំណាប់អារម្មណ៍ លើកិច្ចសហការជាមួយរុស្ស៊ី ដើម្បីបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅលើឋានព្រះចន្ទ ព្រោះនេះជាតម្រូវការផ្គត់ផ្គង់ ថាមពលចាំបាច់សម្រាប់គម្រោងសាងសង់ មូលដ្ឋានអចិន្ត្រៃយ៍នៅទីនោះ។
ប្រទេសឥណ្ឌាបានបង្ហាញ ពីគោលបំណងចូលរួមបណ្តាក់ទុនវិនិយោគ ព្រោះថាគម្រោងនេះ មានទិសដៅស្របគ្នានឹងគម្រោងបេសកកម្ម បញ្ជូនយានគ្មានមនុស្សបើក និងគម្រោងសាងសង់មូលដ្ឋានអចិន្ត្រៃយ៍ របស់ឥណ្ឌានៅលើឋានព្រះចន្ទត្រឹមឆ្នាំ២០៤០ខាងមុខ។
ជាមួយគ្នានេះ ប្រទេសរុស្ស៊ី និងចិន បានប្រកាសគម្រោងសាងសង់មូលដ្ឋាន នៅលើឋានព្រះចន្ទរួមគ្នា ចាប់តាំងពីឆ្នាំ២០២១មក ដោយដាក់ឈ្មោះថា “ស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ” International Lunar Research Station (ILRS) និងគ្រោងដាក់ឱ្យប្រើប្រាស់ ចាប់ពីឆ្នាំ២០៣៥ដល់ឆ្នាំ២០៤៥។
កាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា ការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរកំពុងដំណើរការ ហើយត្រៀមដំឡើង ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ លើឋានព្រះចន្ទនៅឆ្នាំ២០៣៦។
ការស្ថាបនារោងចក្រថាមពលនុយក្លេអ៊ែរ លើឋានព្រះចន្ទ ត្រូវបានគេរំពឹងថា នឹងជួបប្រទះភាពស្មុគស្មាញខ្លាំង។ រុស្ស៊ីបានស្នើថា ការសាងសង់ភាគច្រើន អាចត្រូវបានអនុវត្តន៍ដោយស្វ័យភាព ដើម្បីកាត់បន្ថយតម្រូវការ នៃការចូលរួមដោយផ្ទាល់របស់មនុស្ស៕ប្រភព: Economic Times៕