ដោយ: គង់ លាងហួរ
បាងកក: លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ទើបត្រូវបានតែងតាំងថ្មី បានប្រកាសផែនការ ប្រកបដោយមហិច្ឆិតា ក្នុងការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ (IRs) ចំនួន៧ទីតាំងនៅទូទាំងប្រទេស។
ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីជំរុញសេដ្ឋកិច្ច និងប្រែក្លាយប្រទេសថៃ ជាគោលដៅទេសចរណ៍ពិភពលោក។
យោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា កាស៊ីណូចំនួន៣ នឹងមានទីតាំងនៅទីក្រុងបាងកកខណៈកាស៊ីណូចំនួន៤ទៀត នឹងមានទីតាំងនៅបណ្តាខេត្ត ទេសចរណ៍សំខាន់ៗ។
ការអភិវឌ្ឍន៍ទីតាំងកាស៊ីណូ កម្សាន្តខ្នាតធំទាំងនេះ ជាសសរស្តម្ភ នៃផែនការស្តារសេដ្ឋកិច្ចរបស់លោកស្រី Paetongtarn ក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស បង្កើតការងារ និងទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសចូលទៅក្នុងប្រទេសថៃ។
រមណីយដ្ឋានកាស៊ីណូថ្មី នឹងត្រូវបានរចនាឡើង ដើម្បីបង្កើនភាពទាក់ទាញ របស់ប្រទេសថៃ ចំពោះភ្ញៀវទេសចរណ៍ តាមរយៈការផ្តល់ជូន នូវបទពិសោធន៍កម្សាន្តដ៏សម្បូរបែប ដូចជាកាស៊ីណូ សណ្ឋាគារប្រណីត ផ្សារទំនើប ភោជនីយដ្ឋាន និងវប្បធម៌។
បច្ចុប្បន្ន ច្បាប់កាស៊ីណូ កំពុងឆ្លងកាត់ការវាយតម្លៃដោយគណៈរដ្ឋមន្ត្រី ខណៈការស្ថាបនា គម្រោងកាស៊ីណូចំនួន៣នៅក្នុងទីក្រុងបាងកក ទាមទារទុនវិនិយោគ អប្បបរមា១០០ពាន់លានបាត (ប្រហែល៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយគម្រោង។
ចំណែក ការស្ថាបនាគម្រោងកាស៊ីណូ ចំនួន៤នៅតាមខេត្តទេសចរណ៍ពេញនិយម ត្រូវការដើមទុនវិនិយោគចំនួន៥០ពាន់លានបាត (ប្រហែល១,៥ពាន់លានដុល្លារអាមេរិក)ក្នុងមួយគម្រោង។
បន្ថែមពីលើរមណីយដ្ឋានកាស៊ីណូ គោលនយោបាយរបស់លោកស្រី Paetongtarn បានគូសបញ្ជាក់អំពីគម្រោងខ្នាតធំចំនួន២ផ្សេងទៀត ក្នុងគោលបំណងដោះស្រាយ បញ្ហាជាតិសំខាន់ៗ រួមមានគម្រោង Pearl Necklace និងគម្រោងLand Bridge ។
គម្រោង Pearl Necklace ជាគំនិតផ្តួចផ្តើម ការពារទឹកជំនន់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញរាជធានី ដែលងាយរងគ្រោះនឹងការកើនឡើងកម្រិតទឹកសមុទ្រ។ គម្រោងនេះ រួមមានការសាងសង់ កោះសិប្បនិមិត្តចំនួន៩ តាមបណ្តោយឆ្នេរសមុទ្រប្រវែង១០០គីឡូម៉ែត្រ និងបង្កើតតំបន់ទ្រនាប់ ដើម្បីការពារទីក្រុងពីការជន់លិច។
ទន្ទឹមនឹងនេះ គម្រោង Land Bridge ជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់ប្រទេសថៃ តាមរយៈការអភិវឌ្ឍ កំពង់ផែសមុទ្រទឹកជ្រៅ នៅឈូងសមុទ្រថៃ និងឆ្នេរ Andaman ។
នៅពេលសាងសង់រួចរាល់ គម្រោងLand Bridge ត្រូវបានគេរំពឹងថា នឹងជួយជំរុញពាណិជ្ជកម្ម និងការធ្វើដំណើរ ដោយបង្កើតបានផ្លូវដឹកជញ្ជូនទំនិញ និងអ្នកដំណើរកាន់តែមានប្រសិទ្ធភាព រវាងឆ្នេរសមុទ្រទាំង២ សំដៅកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកបែបប្រពៃណី។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតយក្សទាំង២នេះ នឹងបំពេញបន្ថែម ឱ្យការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្នែកបរិស្ថាន និងភស្តុភារសំខាន់ៗ និងធានាថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែមានការប្រកួតប្រជែង និងមានភាពធន់ ក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត៕ប្រភព: Travel and Tourism World៕