ជប៉ុនគ្រោងដាក់ឱ្យដំណើរការរថភ្លើងគ្មានអ្នកបើកបរនាពេលអនាគត ដើម្បីជំនួសកម្លាំងពលកម្មមនុស្ស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសជប៉ុន គ្រោងដាក់ឱ្យដំណើរការរថភ្លើង Shinkansen ដោយគ្មានអ្នកបើកបរ ចាប់ពីពាក់កណ្តាលទ​សវត្សរ៍ឆ្នាំ២០៣០ មួយផ្នែកដោយសារតែវិបត្តិប្រជាសាស្រ្ត ក្នុងប្រទេស។

ចាប់ពីឆ្នាំ២០២៨ ក្រុមហ៊ុន East Japan Railway (JR East) គ្រោងធ្វើយ៉ាងណាឱ្យការងារជាច្រើន របស់អ្នកបើកបរត្រូវបានជំនួសដោយស្វ័យប្រវត្តិ ប៉ុន្តែអ្នកបើកបរ នឹងនៅតែជាអ្នកកាន់ចង្កូតខាងមុខ។

នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនសង្ឃឹមថា នឹងសាកល្បងរថភ្លើងគ្មានអ្នកបើកបរ នៅលើចម្ងាយផ្លូវខ្លី មុនពេលដាក់ឱ្យដំណើរការរវាងទីក្រុងតូក្យូ និងទីក្រុងNiigata នៅលើបណ្តាញខ្សែរថភ្លើង Joetsu  នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនបានឱ្យដឹងថា “តាមរយៈការសម្រេចបាន នូវការជិះរថភ្លើង ដោយគ្មានអ្នកបើកបរ និងការផ្លាស់ប្តូរប្រព័ន្ធ នៃការគ្រប់គ្រងផ្លូវដែកទៅកាន់ប្រព័ន្ធមួយ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព យើងនឹងសម្របខ្លួន នឹងការផ្លាស់ប្តូរនៅ ក្នុងបរិយាកាសសង្គម ដូចជាការថយចុះនៃចំនួនប្រជាជន”។

ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរបស់ក្រុមហ៊ុន JR East បានបញ្ជាក់ប្រាប់សារពត៌មាន AFP ថា “កត្តាជំរុញសំខាន់នៅពីក្រោយផែនការនេះ ជាតម្រូវការក្នុងការច្នៃប្រឌិត បច្ចេកវិទ្យាផ្លូវដែកឥតឈប់ឈរ ដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងបញ្ហាផ្សេងៗទៀត”។

រថភ្លើង Shinkansen ធ្វើដំណើរនៅលើខ្សែផ្លូវ Joetsu ក្នុងល្បឿនអតិបរមាចំនួន១៧០ម៉ាយ (ឬ២៧៥គីឡូម៉ែត្រ) ក្នុងមួយម៉ោង។ ប៉ុន្តែនៅលើខ្សែផ្លូវផ្សេងទៀត រថភ្លើង Shinkansen អាចរត់ក្នុងល្បឿន៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងនេះ។

ប្រទេសជប៉ុនកំពុងជួបប្រទះ ការធ្លាក់ចុះនៃចំនួនប្រជាជន និងកំណើនចំនួន ប្រជាជន​មានវ័យចំណាស់។ ការណ៍នេះបានធ្វើឱ្យជប៉ុន ខ្វះខាតកម្លាំងពលកម្មករ នៅក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ចជាតិ៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here