ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលកណ្ដាលចិនបានប្តេជ្ញាខិតខំធ្វើឱ្យអស់លទ្ធភាពដើម្បីគាំទ្រឱ្យតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងដើរតួនាទីយ៉ាងធំនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)របស់លោកប្រធានាធិបតីចិន សុី ជីនពីង។
លោកស្រី Li Yongjie តំណាងរងទទួលបន្ទុកផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើកទី៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុងថា “ក្រសួងពាណិជ្ជកម្មចិននឹងនាំទីក្រុងហុងកុងចូលរួមក្នុងការអភិវឌ្ឍន៍រួមគ្នាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។
លោកស្រីបានបន្តថា “យើងនឹងរួមគ្នាលើកកម្ពស់គម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ការចូលរួមរបស់ហុងកុងនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងបន្តគាំទ្រអ្នកធុរកិច្ចចិនដីគោក និងហុងកុង ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគម្រោង BRI”។
ទីក្រុងប៉េកាំងនឹងគាំទ្រតំបន់រដ្ឋបាលពិសេសហុងកុងក្នុងការពង្រីកវត្តមានទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងវិស័យឧស្សាហកម្មសេវាកម្មដូចជា វិស័យហិរញ្ញវត្ថុ វិស័យច្បាប់ ការដឹកជញ្ជូន និងគណនេយ្យ និងផ្តល់សេវាកម្មវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ការវិនិយោគបរទេស និងគម្រោងកិច្ចសន្យា។
ជាមួយគ្នានេះ លោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមានប្រសាសន៍ឱ្យដឹងថា ទីក្រុងហុងកុងមានចំណុចខ្លាំងជាច្រើនដើម្បីបញ្ចេញក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់និរន្តរភាព។
លោក Lee បន្តថា វិនិយោគិនជុំវិញពិភពលោក រួមទាំងការិយាល័យគ្រួសារជាង២៧០០ការិយាល័យ អាចទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីទីក្រុងហុងកុង រាប់ចាប់ពីសេវាហិរញ្ញវត្ថុ និងច្បាប់ ដល់វិស័យស្ថាបត្យកម្ម វិស្វកម្ម ភស្តុភារ និងវិស័យជាច្រើនទៀតសម្រាប់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ពួកគេ”។
លោកបានបញ្ជាក់បន្ថែមថា ទីក្រុងហុងកុងអាចបន្តបង្កើនសមត្ថភាពផ្នែកនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនដើម្បីជំរុញផលិតភាពមានគុណភាពថ្មី តាមរយៈបច្ចេកវិទ្យាបៃតង និងហិរញ្ញវត្ថុបៃតង។
លោក Peter KN Lam ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) បានលើកឡើងថា ហុងកុងជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Greater Bay Area ដោយមានការតភ្ជាប់ជាមួយទីផ្សារចិនដីគោក។ តំបន់នេះអាចជួយសម្រួលការបណ្តាក់ទុនវិនិយោគនៅប្រទេសចិនរបស់សហគ្រាសមកពីតំបន់អាស៊ី និងតំបន់ផ្សេងទៀត៕ប្រភព:SCMP & Xinhua៕