ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះវីឡា និងផ្ទះ Townhouses រាប់ពាន់យូនីតនៅសង្កាត់ Hoai Duc ជាយទីក្រុងហាណូយ ត្រូវបានទុកនៅទំនេរអស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ដីឡូត៍មួយកន្លែងនៅក្បែរតំបន់នោះត្រូវបានដាក់លក់កាលពីពេលថ្មីៗនេះក្នុងតម្លៃ១៣៣លានដុង (ប្រហែល៥.៣៤០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។
សង្កាត់ Hoai Duc បានជាប់ឈ្មោះនៅលើគេហទំព័រសារពត៌មានជាច្រើន ខណៈសាធារណៈជនមានការភ្ញាក់ផ្អើលចំពោះការដេញថ្លៃលើដីឡូតិ៍ទំហំ១៣៣ម៉ែត្រការ៉េ ក្នុងតម្លៃជាង១៥ពាន់លានដុង(ប្រហែល៦០៣.៥៦១ដុល្លារ) ជាតម្លៃខ្ពស់មិនធម្មតាសម្រាប់ដីនៅតំបន់ជាយក្រុង។
ចំណែក ផ្ទះ Townhouses ចំនួន១៥០យូនីត ត្រូវបានទុកចោលនៅក្នុងគម្រោង Son Dong Center នៃសង្កាត់ Hoai Duc មានតម្លៃចាប់ពី១០០លានដុង ទៅ១៨០លានដុងក្នុងមួយម៉ែត្រការ៉េ។ នេះមានន័យថា ផ្ទះមួយយូនីត អាចមានតម្លៃប្រហែល១៥ពាន់លានដុង។
គម្រោងខាងលើពិបាកស្វែងរកអ្នកចូលរស់នៅ បើទោះបីជាអ្នកអភិវឌ្ឍន៍អះអាងថា គម្រោងនេះស្ថិតនៅក្នុងតំបន់សំខាន់មួយ នៅជិតទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងទីក្រុង ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៤យ៉ាងណាក្តី។
លោក Huu Tuan អ្នកវិនិយោគអចលនទ្រព្យក្នុងស្រុកមួយរូបលើកឡើងថា តម្លៃផ្ទះនៅទីនោះបានកើនឡើងយ៉ាងគំហុក ខណៈប្រជាជនត្រូវការលំនៅដ្ឋានពិតប្រាកដមិនមានលទ្ធភាពអាចទិញបាន។ ជំនួសមកវិញ អតិថិជនខ្លះបានទិញផ្ទះទុក ដើម្បីទាញផលចំណេញប៉ុណ្ណោះ។
លោកបានចង្អុលបង្ហាញថា ការទិញគ្រឿងសង្ហារឹម និងការរចនាខាងក្នុងផ្ទះល្វែង ឬផ្ទះវីឡានៅសង្កាត់ជាយក្រុងត្រូវចំណាយទុនអស់៣ពាន់លានដុង។ ចំនួនទឹកប្រាក់នេះគ្រប់គ្រាន់សម្រាប់ទិញអាផាតមុិននៅចំកណ្តាលទីក្រុងហាណូយ។
លោក Dang Hung Vo អ្នកវិភាគអចលនទ្រព្យមួយរូបទៀតបាន លើកឡើងថា យូនីតលំនៅដ្ឋានចំនួន៧០ភាគរយនៅក្នុងទីតាំងនៃទីក្រុងជាច្រើនដែលមានដង់ស៊ីតេប្រជាជនខ្ពស់ត្រូវបានទិញទុកលក់ចំណេញនាពេលក្រោយ។
លោកបន្ថែមថា នេះជាមូលហេតុនាំឱ្យលំនៅដ្ឋានរាប់ពាន់យូនីតនៅសង្កាត់ Hoai Duc នៅតែគ្មានអ្នកចូលរស់នៅអស់ជាច្រើនឆ្នាំ ព្រោះអតិថិជនដែលបានទិញទុកចោលកាលពីឆ្នាំមុនកំពុងរង់ចាំពេលវេលាដ៏ត្រឹមត្រូវក្នុងការលក់ចេញវិញ៕ប្រភព: Vnexpress៕