ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ram Mohan Naidu Kinjarapu រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌាបានទម្លាយឱ្យដឹងថា ប្រទេសឥណ្ឌា និងចិនបានពិភាក្សាគ្នាអំពីការចាប់ផ្តើមឡើងវិញនៃជើងហោះហើរត្រង់ដោយផ្ទាល់រវាងប្រទេសទាំងពីរ។
សារពត៌មាន Reuters ធ្លាប់បានរាយការណ៍កាលពីខែមិថុនាថា ប្រទេសចិនកំពុងដាក់សម្ពាធលើប្រទេសឥណ្ឌាឱ្យចាប់ផ្តើមជើងហោះហើរដឹកអ្នកដំណើរដោយផ្ទាល់ឡើងវិញ។ ប៉ុន្តែទីក្រុងញូវដែលីកំពុងពិចារណា ខណៈការប្រឈមមុខដាក់គ្នានៅតាមព្រំដែននៅតែបន្តជះផលអវិជ្ជមានលើទំនាក់ទំនងរវាងគូប្រជែងទាំង២។
បណ្តាប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ត្រូវបានខណ្ឌចែកពីគ្នាដោយជួរភ្នំព្រំដែនហិម៉ាឡៃយ៉ា។ ចិន និងឥណ្ឌាមានភាពតានតឹង ចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយកម្លាំងយោធាក្នុងឆ្នាំ២០២០។
ចាប់តាំងពីពេលនោះមក ឥណ្ឌាបានរឹតបន្តឹងការត្រួតពិនិត្យលើការវិនិយោគពីប្រទេសចិន ការបិទហាមឃាត់កម្មវិធី App ដ៏ពេញនិយមរាប់រយរបស់ក្រុមហ៊ុនចិន និងកាត់ផ្តាច់ផ្លូវហោះហើរដឹកអ្នកដំណើររវាងប្រទេសដៃគូប្រជែងទាំង២។
កាលពីថ្ងៃទី១២ ខែកញ្ញា លោក Kinjarapu បានបង្ហើបថា លោកបានជួបជាមួយប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិននៅខាងក្រៅវេទិកាសន្និសីទថ្នាក់រដ្ឋមន្ត្រីមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីអាកាសចរណ៍ស៊ីវិល រៀបចំឡើងនៅទីក្រុងញូវដេលី។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលឥណ្ឌា បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ភាគីទាំង២បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងប្រទេសទាំងពីរ ជាពិសេសការជំរុញឱ្យមានការដំណើរការឡើងវិញនូវជើងហោះហើរអ្នកដំណើរឱ្យបានឆាប់៕ប្រភព: Reuters៕