ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Vnexpress បានចុះផ្សាយថា ក្រុមហ៊ុនខ្សែសង្វាក់អាហាររហ័សរបស់សហរដ្ឋអាមេរិក McDonald’s គ្រោងនឹងបិទហាងចំណាស់ជាងគេមួយរបស់ខ្លួននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ហាង McDonald’s នៅតំបន់់ Ben Thanh ក្នុងសង្កាត់លេខ១ នឹងបញ្ឈប់ប្រតិបត្តិការនៅត្រឹមម៉ោង២ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១៤។ ក្រុមហ៊ុនបានប្រកាសឱ្យដឹងបែបនេះក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយពុំបានបញ្ជាក់ពីមូលហេតុនោះទេ។
បន្ទាប់ពីបិទហាងខាងលើ ក្រុមហ៊ុន McDonald’s នឹងនៅសេសសល់ហាងចំនួន៣៥ទីតាំងទៀតនៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះហាងចំនួន១៧ទីតាំងស្ថិតនៅទីក្រុងហូជីមិញ។
ចំណែក ក្រុមហ៊ុន Starbucks ដែលជាខ្សែសង្វាក់ F&B របស់អាមេរិកដ៏ល្បីល្បាញមួយទៀត បានបិទហាងនៅទីតាំងសំខាន់មួយក្នុងសង្កាត់លេខ១នៃទីក្រុងហូជីមិញ កាលពីខែសីហា បន្ទាប់ពីបើកដំណើរការបានរយៈពេល៧ឆ្នាំ។
ការបិទទីតាំងហាងមួយចំនួនរបស់ក្រុមហ៊ុនម៉ាកយីហោល្បីៗទាំងនេះ កើតឡើង ខណៈតម្លៃជួលទីតាំងលក់រាយលំដាប់ខ្ពស់ជាមធ្យមនៅទីក្រុងហូជីមិញ បានកើនឡើងដល់កំណត់ត្រា២៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆមាសទី១ ឆ្នាំនេះ ដោយសារការផ្គត់ផ្គង់នៅមានកម្រិត។
តួលេខខាងលើតំណាងឱ្យការកើនឡើង១៨ភាគរយបើធៀបនឹងរយៈពេល៦ខែដំបូងដូចគ្នាកាលពីឆ្នាំ២០២៣ និងកើនឡើងចន្លោះពី៦០%ទៅ៧០%បើធៀបនឹងតម្លៃជួលកាលពី៧ឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam ។
ដោយឡែក យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានបង្ហាញថា ការផ្គត់ផ្គង់ទីតាំងលក់រាយលំដាប់ខ្ពស់នៅប៉ែកកណ្តាលនៃទីក្រុងហូជីមិញបានបន្តស្ថិតនៅទ្រឹងត្រឹម១,៥លានម៉ែត្រការ៉េចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២២៕ប្រភព: vnexpress៕