ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនផ្តល់ទិន្នន័យវិនិយោគ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានឱ្យដឹងថា ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងវ៉ាដាច់ការវិនិយោគលើអចលនវត្ថុនៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។
ការធ្វើពិពិធកម្មឆ្ពោះទៅរកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានជំរុញដោយការផ្លាស់ប្តូរប្រភពថាមពល ដោយមានការដាក់ចេញនូវបទប្បញ្ញត្តិគាំទ្រសំខាន់ៗ និងការឧបត្ថម្ភធននៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងគោលបំណងកាត់បន្ថយកាបូនពីការផលិតអគ្គិសនី។
បណ្តាគម្រោងផ្តោតលើថាមពលទាំងនេះ ត្រូវបានគេរំពឹងថា នឹងជំរុញកំណើននៃទ្រព្យសកម្មនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈការវិនិយោគអចលនទ្រព្យកំពុងរងផលប៉ះពាល់ដោយសារតែបរិបទនៃការបំពេញការងារពីចម្ងាយ និងនាំឱ្យតម្រូវការការិយាល័យដាំក្បាលចុះ។
របាយការណ៍េខាងលើបានកត់សម្គាល់ថា “បច្ចុប្បន្ន ការគ្រប់គ្រងទ្រព្យសកម្មនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា កំពុងសម្រេចបានវឌ្ឍនភាពដូចនឹងវិស័យអចលនទ្រព្យយ៉ាងឆាប់រហ័ស”។
ក្រុមហ៊ុនផ្តល់ទិន្នន័យវិនិយោគ Preqin បញ្ជាក់ថា “ការផ្លាស់ប្តូរប្រភពថាមពលកំពុងបន្តជំរុញការរំពឹងទុកដ៏គួរឱ្យទុកចិត្តថា ទំហំនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងវ៉ាដាច់ការវិនិយោគលើអចលនទ្រព្យឯកជននៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ”។
របាយការណ៍ក៏បានគូសរំលេចផងដែរពីនិន្នាការសំខាន់ៗក្នុងតំបន់ ជាពិសេសលំហូរមូលធនបរទេសចេញពីប្រទេសចិន និងការរីកចម្រើននៃទីផ្សារមូលធនឯកជនរបស់ប្រទេសឥណ្ឌា៕ប្រភព:Nikkei Asia៕