ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តារោងចក្រផលិតកម្មនានា ដែលមានទីតាំងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាពិសេសរោងចក្រកាត់ដេរ បានបង្ហាញក្តីព្រួយបារម្ភចំពោះកង្វះកម្លាំងពលកម្ម ដោយសាររោងចក្រជួបការលំបាកក្នុងការស្វែងរកកម្មករឱ្យធ្វើការសម្រាប់បំណាច់ឆ្នាំ ស្របពេលការបញ្ជាទិញកើនឡើងខ្ពស់។
រោងចក្រកាត់ដេរមួយទីតាំងនៅសង្កាត់ Bình Tân នៃទីក្រុងហូជីមិញ បានបញ្ជាក់ប្រាប់សារពត៌មាន Vietnam News ថា រោងចក្ររបស់ខ្លួនបានទទួលការបញ្ជាទិញជាច្រើនសម្រាប់ពិធីបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលថ្មីនាពេលខាងមុខ ហើយដើម្បីបំពេញតម្រូវការក្នុងការងារផលិតកម្ម រោងចក្រត្រូវការកម្មករយ៉ាងតិចចំនួន១០០នាក់បន្ថែមទៀត។ ប៉ុន្តែ ក្រុមហ៊ុនជួបការលំបាកជាច្រើនក្នុងការស្វែងរកកម្មករ។
រោងចក្រខាងលើបញ្ជាក់ថា ដើម្បីស្រូបទាញកម្មករថ្មី ក្រុមហ៊ុនបានបន្ថែមប្រាក់ឧបត្ថម្ភ និងគោលនយោបាយប្រាក់រង្វាន់សម្រាប់ពួកគេ ហើយក្រុមនិយោជិតដែលបានជួយស្វែងរកបុគ្គលិកថ្មី នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។
យ៉ាងណាមិញ ចំនួនបេក្ខជនដែលបានចូលរួមដាក់ពាក្យចុះឈ្មោះចូលធ្វើការនៅតែមានកម្រិតទាប គិតមកទល់ពេលនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានពន្យារពេលបើកដំណើរការគម្រោងខ្សែផលិតកម្មថ្មី២ទៅតាមផែនការរបស់រោងចក្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដោយសារតែកង្វះកម្លាំងពលកម្ម។
ក្រុមហ៊ុនរោងចក្រខាងលើ បានវាយតម្លៃថា មូលហេតុនាំឱ្យរោងចក្រជួបប្រទះកង្វះកម្លាំងពលកម្ម បណ្តាលមកពីយុវជនភាគច្រើនមិនមានបំណងចូលប្រឡូកនៅក្នុងឧស្សាហកម្មកាត់ដេរ ខណៈកម្មករចាស់ៗតែងធ្វើការតាមរដូវកាល ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមក រោងចក្រផលិតស្បែកជើងមួយទីតាំងនៅក្នុងសង្កាត់ Binh Tân នៃទីក្រុងហូជីមិញដដែល បានទម្លាយឱ្យដឹងថា រោងចក្ររបស់ខ្លួនបានប្រកាសជ្រើសរើសកម្មករជាង២.០០០នាក់ ដើម្បីបំពេញតាមផែនការផលិតកម្ម ជាពិសេសសម្រាប់បំណាច់ឆ្នាំ ខណៈការបញ្ជាទិញកើនឡើង។ ប៉ុន្តែ រោងចក្រស្វែងរកកម្មករបានត្រឹមតែពាក់កណ្តាលនៃតម្រូវការសរុបរបស់ខ្លួនប៉ុណ្ណោះ។
យ៉ាងណាមិញ ពុំមែនមានតែក្រុមហ៊ុនទាំង២ខាងលើទេ ដែលជួបប្រទះបញ្ហា កង្វះកម្លាំងពលកម្ម ខណៈក្រុមហ៊ុនរោងចក្រជាច្រើនផ្សេងទៀតនៅទីក្រុងហូជីមិញ ក៏កំពុងជួបបញ្ហានេះដូចគ្នា។
លោកស្រី Nguyễn Văn Hạnh Thục នាយិកាមជ្ឈមណ្ឌលសេវាកម្មការងារប្រចាំទីក្រុងហូជីមិញ បានលើកឡើងថា “យោងតាមបណ្តាញទទួលព័ត៌មានរបស់មជ្ឈមណ្ឌលរបស់លោកស្រី បច្ចុប្បន្ន បណ្តារោងចក្រនៅក្នុងទីក្រុងត្រូវការកម្មករសរុបជាង៨០.០០០នាក់។ ប៉ុន្តែ ការស្វែងរកកម្មករក្លាយជាបញ្ហាដ៏លំបាកមួយ”។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា រោងចក្រជាច្រើនបានរៀបចំផែនការយ៉ាងសកម្មចាប់តាំងពីដើមឆ្នាំនេះ និងជ្រើសរើសកម្មករថ្មីចាប់ពីត្រីមាសទី២ដើម្បីដោះស្រាយការកើនឡើងនៃការបញ្ជាទិញ៕ប្រភព: Vietnam News៕