គម្រោងខ្នាតយក្សចំនួន២នឹងលើកកំពស់មុខមាត់ទីក្រុងឌូបៃកាន់តែខ្លាំងនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឌូបៃដ៏ល្បីល្បាញរបស់ប្រទេសអារ៉ាប់រួមជាទីក្រុងមួយពោរពេញដោយសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន រាប់ចាប់តាំងពីអគារខ្ពស់ៗកប់ពពក ផ្ទះប្រណីត រមណីយដ្ឋានកោះសិប្បនិម្មិតធំៗ និងរបៀបរស់នៅដ៏ទំនើបទាន់សម័យ។

អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកBurj Khalifa ក៏មានទីតាំងនៅទីក្រុងឌូបៃផងដែរ ហើយបច្ចុប្បន្ន ទីក្រុងដែលសម្បូរមហាសេដ្ឋីជាច្រើនមួយនេះកំពុងសម្រុកសាងសង់គម្រោងដ៏អស្ចារ្យផ្សេងទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញសេដ្ឋកិច្ច។

ក្ន្នុងនោះ សាធារណៈជនទូទៅបានចាប់អារម្មណ៍ជាខ្លាំងចំពោះគម្រោង“ព្រៃកោងកាងឌូបៃ”ឬ Dubai Mangroves។នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ធំបំផុតរបស់ពិភពលោក។

គម្រោងដ៏ធំនេះនឹងគ្របដណ្តប់លើឆ្នេរសមុទ្រប្រវែង៧២គីឡូម៉ែត្រ និងមានដើមកោងកាងចំនួន១០០លានដើម។គម្រោងខាងលើមិន​ត្រឹម​តែ​ជួយលើកកំពស់​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងអាច​បង្កើតដំណើរទេសចរណ៍​បែបធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ផង​ដែរ។

គម្រោង“ព្រៃកោងកាងឌូបៃ” មានគោលដៅស្របតាមផែនការមេឆ្នាំ២០៤០ របស់ទីក្រុងឌូបៃ តាមរយៈការចូលរួមថែរក្សាបរិស្ថានតាមឆ្នេរសមុទ្រ ផ្តល់ការស្តុកទុកកាបូន ការជួយដល់សត្វព្រៃ និងការបង្កើតខែលធម្មជាតិប្រឆាំងនឹងឥទ្ធិពលបម្រែបម្រួលអាកាសធាតុដូចជា សំណឹក និងការកើនឡើងកម្រិតទឹកសមុទ្រ។

លើសពីនេះ ប្រទេសអារ៉ាប់រួមក៏គ្រោងស្ថាបនារមណីយដ្ឋានមួយនៅចំកណ្តាលទីក្រុងឌូបៃ ដែលមានរូបរាងដូចព្រះច័ន្ទ ដោយដាក់ឈ្មោះថា “Moon World Resorts”។ យ៉ាងណាមិញ ទីតាំងពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ ខណៈអ្នកអភិវឌ្ឍន៍នៅទូទាំងតំបន់មជ្ឈឹមបូព៌ាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យគម្រោងរមណីយដ្ឋានខ្នាតយក្សតម្លៃ៥ពាន់លានដុល្លារមួយនេះប្រែក្លាយជាការពិត។

នៅពេលការសាងសង់បញ្ចប់រួចរាល់ រមណីយដ្ឋាន“Moon World Resorts”នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាបានចំនួន១០លាននាក់ក្នុងមួយឆ្នាំ និងក្លាយជាគោលដៅទាក់ទាញដ៏សំខាន់មួយទៀតរបស់ទីក្រុងឌូបៃ៕ប្រភព: Gulfbuzz៕

LEAVE A REPLY

Please enter your comment!
Please enter your name here