ចិនកំពុងបន្តសម្រុកស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនទឹកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនកំពុងបន្តសម្រុកស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនទឹកដ៏ធំបំផុត ក្នុងគោលបំណងបញ្ជូនទឹកសាបចំនួន៤៤,៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីទន្លេ Yangtze នៅភាគខាងត្បូងប្រទេសចិន ទៅកាន់ភាគខាងជើងនៃប្រទេសចិនដែលមានអាកាសធាតុក្តៅស្ងួតហួតហែង។

គម្រោងដ៏ធំសម្បើមមួយនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣ ហើយការសាងសង់បញ្ចប់ត្រូវបានព្យាករណ៍ថា នឹងចំណាយពេលយូរ។

គិតត្រឹមឆ្នាំ២០១៤ ចិនបានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុបជាង៧៩ពាន់លានដុល្លារ ដែលធ្វើឱ្យគម្រោងនេះក្លាយជាគម្រោងវិស្វកម្មប្រកបដោយមហិច្ឆតា និងមានដើមទុនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស។

គម្រោងបញ្ជូនទឹកនេះត្រូវបានគេរំពឹងថា នឹង​ចំណាយទុនវិនិយោគ​ខ្ពស់ជាង​ការសាងសង់គម្រោង​ទំនប់​វារីអគ្គិសនី Three Gorges Dam ​ចំនួន២ដង ​ក្នុង​ប្រទេស​ចិន​ ដែល​មាន​តម្លៃ​ជាង៣១,៧ពាន់​លាន​ដុល្លារ។

ផ្លូវបង្វែរចំនួន៣ នឹងត្រូវបានសាងសង់ឡើង ដោយលាតសន្ធឹងលើតំបន់ភាគខាងកើត ភាគកណ្តាល និងភាគខាងលិចនៃប្រទេសចិនតភ្ជាប់ពីភាគខាងត្បូងទៅកាន់ភាគខាងជើង ដើម្បីតភ្ជាប់ទន្លេសំខាន់ៗចំនួន៤របស់ប្រទេសចិន រួមមានទន្លេYang ទន្លេលឿង ទន្លេ Huaihe និងទន្លេHaihe។

ប្រទេសចិនគ្រោងធ្វើឱ្យប្រសើរឡើងនូវព្រែកជីក Grand Canal ដើម្បីបង្វែរលំហូរទឹកទន្លេ Yangtze ទៅកាន់ភាគខាងជើងប្រទេសចិន។ ស្របពេលគម្រោងសម្រេចបានវឌ្ឍនភាពទៅមុខ បរិមាណទឹក ដែលត្រូវបង្វែរនឹងកើនឡើងពី៨,៩គីឡូម៉ែត្រគូបក្នុងមួយឆ្នាំ ដល់ ១៤,៨ គីឡូម៉ែត្រគូបក្នុងមួយឆ្នាំ។

លំហូរទឹកពីទន្លេ Yangtze នឹងត្រូវបានទាញចូលទៅក្នុងព្រែកជីក Grand Canal ក្នុងទីក្រុង Jiangdu។ បន្ទាប់មក ទឹកនឹងត្រូវបានបូមដោយស្ថានីយ៍នានាស្ថិតនៅតាមបណ្តោយព្រែកជីក Grand Canal និងហូរតាមរយៈផ្លូវរូងនៅក្រោមទន្លេ Yellow River ចុះទៅកាន់អាងស្តុកទឹកនៅជិតទីក្រុង Tianjinនៅភាគខាងជើងប្រទេសចិន៕ប្រភព: Express.co.uk៕

LEAVE A REPLY

Please enter your comment!
Please enter your name here