ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា បណ្តាវិនិយោគិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងងាកទៅបណ្តាក់ទុនវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា និងអគារអាផាតមុិនដែលមានផ្តល់ជូនសេវាកម្ម(Serviced Apartment)។
ការធ្វើពិពិធកម្មនេះកើតឡើង ស្របពេលកំណើននៅក្នុងវិស័យអចលនទ្រព្យផ្សេងៗ ដូចជាការិយាល័យ និងភស្តុភារកំពុងធ្លាក់ចុះ។នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE ។
កន្លងមក ក្រុមអ្នកវិនិយោគនៅក្នុងតំបន់តែងមើលរំលងវិស័យទាំងនេះ។ ប៉ុន្តែ បច្ចុប្បន្ន អ្នកវិនិយោគបានងាកទៅចាប់អារម្មណ៍ ដោយសារការវិនិយោគលើលំនៅដ្ឋានរបស់និស្សិត ការរស់នៅរួមគ្នា មានសក្តានុពល និងអាចផ្តល់ផលចំណេញកាន់តែប្រសើរឡើង។
ក្រុមហ៊ុន CBRE បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ ថា “ការកើនឡើងនៃតម្រូវការពីជនបរទេស និងកម្រិតកម្មសិទ្ធិលំនៅដ្ឋានទាបក៏កំពុងជួយទ្រទ្រង់ដល់មូលដ្ឋានគ្រឹះនៃទីផ្សារផងដែរ”។
ទីផ្សារលំនៅដ្ឋានសម្រាប់រស់នៅរួមគ្នាបែបពហុគ្រួសារ(Multi-family properties) បានក្លាយជាប្រភេទអចលទ្រព្យដែលមានតម្រូវការខ្ពស់បំផុតនៅឆ្នាំនេះ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគឱ្យងាកចេញពីការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម ភស្តុភារ និងផ្នែកការិយាល័យ។
លើសពីនេះ បណ្តាមូលនិធិសកលនានាក៏កំពុងពិចារណាបោះទុនវិនិយោគលើការសាងសង់ទីតាំងស្នាក់នៅរបស់ក្រុមនិស្សិត ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងហុងកុង និងប្រទេសអូស្ត្រាលីផងដែរ។
លោក Greg Hyland ប្រធានទទួលបន្ទុកផ្នែកទីផ្សារមូលធនរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានសរសេរនៅក្នុងរបាយការណ៍ថា “ការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក នឹងជំរុញឱ្យមានការចាក់បញ្ចូលមូលធន និងឱកាសនៃការច្របាច់អង្គភាពអាជីវកម្ម ឬក្រុមហ៊ុនផ្សេងៗគ្នាទៅជាអង្គភាពតែមួយ និងមានទំហំធំជាងមុន”។
លោកបានបញ្ជាក់បន្ថែមថា “ស្របពេលមូលដ្ឋានគ្រឹះទីផ្សារមានភាពរឹងមាំ និងតម្រូវការមានភាពធន់ វិស័យលំនៅដ្ឋានសម្រាប់ការស់នៅរួមគ្នា នឹងបើកឱកាសឱ្យវិនិយោគិនអាចធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ”៕ប្រភព:SCMP៕