ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងតំបន់អាស៊ីអាចមានតុល្យភាព ប្រសិនបើលោកស្រី Kamala Harris ជាប់ឆ្នោត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានឈានចូលដល់សប្តាហ៍ចុងក្រោយ នៃការធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកាខាងមុខ។

លោកស្រីបាននាំមុខ លោកអតីតប្រធានាធិបតីអាមេរិក Donald Trump យ៉ាងប្រកៀកប្រកិតគ្នា នៅក្នុងការស្ទង់មតិជាច្រើន ដោយបានកាត់បន្ថយការរំពឹងទុក ចំពោះការវិលត្រឡប់មកកាន់សេតវិមានវិញរបស់លោក Donald Trump ។

ទោះបីជាលោកស្រី Harris មានប្រៀបជាងលោក Trump បន្ដិចក្តី ប៉ុន្តែការណ៍នេះបានបណ្តុះក្តីសង្ឃឹម ក្នុងចំណោមក្រុមមន្ដ្រីបង្កើតគោលនយោបាយ និងអ្នកធុរកិច្ចនៅតំបន់អាស៊ីចំពោះរដ្ឋបាលគ្រប់គ្រងនាពេលអនាគត ក្នុងទីក្រុងវ៉ាស៊ីន​តោ​ន ព្រោះពួកគេគាំទ្រការបន្តរក្សាស្ថានភាពដើមដដែល ជាជាងភាពវឹកវរ។

ផ្ទុយទៅវិញ ក្នុងករណីលោក Trump ឈ្នះឆ្នោតកាន់តំណែ​ងជាប្រធានាធិបតីម្តងទៀត អាចនឹងមានភាពវឹកវរកើតឡើង  ដោយសារភាពប្រែប្រួល នៃគោលនយោបាយផ្សេងៗ និងការប្រកាសដាក់ពន្ធគយលើការនាំចូលទំនិញ។

ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្ដដែលមិនអាចទាយទុកជាមុនបាន របស់អតីតប្រធានាធិបតីរូបនេះ បង្កហានិភ័យយ៉ាងធំសម្រាប់តំបន់អាស៊ី និងសេដ្ឋកិច្ចពិភពលោក ក្នុងអំឡុងពេលមានភាពមិនច្បាស់លាស់។

ចំណែកលោកស្រី Kamala Harris ត្រូវបានគេមើលឃើញថាជា បេក្ខជនដែលមានឆន្ទៈ បន្តគោលនយោបាយរបស់រដ្ឋបាលបច្ចុប្បន្ន។

លោកស្រីត្រូវបានគេរំពឹងថា នឹងអនុវត្តន៍គោលនយោបា​យរបស់លោកប្រធានាធិបតីលោក ចូ បៃដិន រួមទាំងជំហរដ៏តឹងរឹងចំពោះប្រទេសចិន ដោយផ្តោតលើបញ្ហាពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងជាពិសេសក្រុមហ៊ុនផលិតបន្ទះឈីប។

លោក ចូ ដៃដិន បានដាក់ពន្ធថ្មី លើការនាំចូលទំនិញរបស់ចិននៅដើមឆ្នាំនេះ ហើយលោកស្រីHarris ត្រូវបានគេព្យាករ​ណ៍ថា នឹងរក្សាវិធានការទាំងនេះ។ ប៉ុន្តែក្រុមអ្នកជំនាញរំពឹងថា លោកស្រី នឹងមិនអនុវត្តន៍ពន្ធ១០ភាគរយ លើការនាំចូលទំនិ​ញទាំងអស់ ដូចដែលលោក Trump បានស្នើឡើងនោះទេ។

ផ្ទុយទៅវិញ លោកស្រី អាចនឹងប្រើប្រាស់វិធីសាស្រ្ត ដើម្បីធ្វើឱ្យមានតុល្យភាពកាន់តែល្អ រវាងគូប្រជែងជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន និងទំនាក់ទំនងសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយបណ្តាប្រទេសនៅទូទាំងអាស៊ី៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here