វិស័យឯកជន ៖ ការទទួលបានងាររបស់សម្តេចតេជោជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ វិស័យឯកជនផ្នែកទេសចរណ៍ បានលើកឡើងថា ការទទួលបានងារជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជា​ការលើកកំពស់មុខមាត់កម្ពុជា ក៏ដូចជាជំរុញការផ្សព្វផ្សាយវិស័យទេ​សចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ ធ្នូ នេះថា ការតែងតាំងនេះ ពិតជាផ្តល់ផលចំណេញដល់វិស័យទេសចរណ៍ ព្រោះ​វាជាការផ្សព្វផ្សាយពីមុខមាត់កម្ពុជាទៅកាន់ពិភពលោក ក្នុងសញ្ញាវិជ្ជមាន ហើ​យ​ទេសចរណ៍ពិភពលោកនឹងងាកមកចាប់អារម្មណ៍ចំពោះកម្ពុជា ដែលមានសុខ​សន្តិភាព និងសក្តានុពលទេសចរណ៍ពេញលេញ។ លោកស្រីបន្តថា វិស័យឯកជ​ន​សូមចូលរួមអបអរសាទរ ចំពោះការផ្តល់ការតែងតាំងនេះ ដែលវានឹងផ្តល់ផល​ចំណេញដល់កម្ពុជាច្រើន។

​លោកស្រីបន្តថា “សម្រាប់ភាពជាអ្នកដឹកនាំឆ្នើមរបស់សម្តេច និងអ្វីដែលទីក្រុងភ្នំពេញបាន និងកំពុងអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងភ្នំពេញក៏គួរទទួល​បានជ័យលាភីនេះ ព្រោះទីក្រុងនេះបានទាក់ទាញអ្នកវិនិយោគធំៗមកវិនិយោគ​លើវិស័យទេសចរណ៍ជាបន្តបន្ទាប់”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលងារជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោកសម្រាប់វិស័​យ​ទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី ”រាជធានីភ្នំពេញ ជារាជធានី​ នៃវប្បធ៌ម និងទេសចរណ៍ពិភពលោក” ដែលផ្តល់ជូនដោ​យក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបនៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោក ធួន ស៊ីណាន បានថ្លែងឲ្យដឹងថា លោកសូមអបអរសាទរ ​ចំពោះការតែងតាំងប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្រាប់ងារដ៏មាន​កិត្យានុភាពនេះ ហើយសង្ឃឹមថាកម្ពុជាបានផលពីពានរង្វាន់នេះ ពិសេសសំរាប់​រាជធានីភ្នំពេញ ដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបជ្រើសរើសជា​ជ័យលាភី “ជារាជធានីនៃវប្បធ៌ម និងទេសចរណ៍ពិភពលោក”។

លោកបន្តថា “ការតែងតាំងសម្តេចជាឯកអគ្គរដ្ឋទូតសុឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងការផ្តល់ជ័យលាភីដល់ទីក្រុងនេះ វាស័ក្តិសមនឹងតំលៃរបស់មេដឹកនាំ”។ លោកបន្តថា “ជ័យលាភីទីក្រុងភ្នំពេញ វាជាការប្រសើរ ប៉ុន្តែទីក្រុងភ្នំពេញគួរមានការកែលំងឬបន្ថែមទៀត ទាក់ទងនឹងផ្លូវថ្មើជើង ផ្លូវជិះកង់ បញ្ហាសំរាម ដែលនៅតែជា​ចំណោទនៅឡើយ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមជាតិទេសចរណ៍កម្ពុជាបានថ្លែងឲ្យ​ដឹងផងដែរថា នេះពិតជាការលើកទឹកចិត្ត ដល់អភិបាលកិច្ចដឹកនាំរបស់សម្តេច និងរដ្ឋាភិ​បាល ព្រមទាំងវិស័យឯកជនទាំងមូល ហើយវាក៏ជាការចូលរួមផ្សព្វផ្សា​យពីវិស័​យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងបានផ្តល់ផលប្រយោជន៍ជាច្រើន​ដល់អ្នកធ្វើការផ្ទាល់ និងប្រយោលនៅក្នុងវិស័យនេះ។

លោកបន្តថា បច្ចុប្បន្នភ្ញៀវទេសចរណ៍ចន្លោះពី ៤៥​ ទៅ​ ៥៥ ភាគរយ ដែល​បានមកទស្សនាកម្ពុជា បានមកកាន់រាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធររាជធានីគួរពង្រីក​ហេដ្ឋារចនាសម្ព័ន្ឋ ពង្រឹងសណ្តាប់ធ្នាប់ក្នុងទីក្រុងរបស់យើង ពិសេសបញ្ហាចរាចរណ៍។ លោកបន្តថា ទីក្រុងភ្នំពេញមិនចង្អៀតទេ តែបញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់ពិតជានៅមានកម្រិត ដែលទាមទារឲ្យមានការកែលំអរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here