ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបង្កើតតំបន់ហិរញ្ញវត្ថុពិសេស នៅទីក្រុង Forest City (SFZ) របស់ប្រទេសម៉ាឡេស៊ីជាផ្លូវការ កាលពីថ្ងៃទី២០ ខែកញ្ញា អាចទាក់ទាញក្រុមហ៊ុនហិរញ្ញវត្ថុ និងប្រជាជនក្នុងស្រុក។
ការណ៍នេះ អាចធ្វើឱ្យការលក់ផ្ទះកើនឡើងប្រហែល២០ភាគរយ ក្នុងឆ្នាំដំបូងនៃការចាប់ផ្តើមអនុវត្តន៍។
-->
ក្រុមអ្នកជំនាញយល់ឃើញថា គំរូជោគជ័យនៃការបង្កើតតំបន់ SFZ នៅទីក្រុង Forest City អាចក្លាយជាគំរូនៃតំបន់ហិរញ្ញវត្ថុដ៏ល្អមួយ និងអាចត្រូវបានយកមកអនុវត្តន៍ នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសម៉ាឡេស៊ី។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានអះអាងថា ប្រសិនបើកញ្ចប់លើកទឹកចិត្តទទួលបានជោគជ័យ នោះតម្រូវការលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅក្នុងទីក្រុងForest City អាចកើនឡើងខ្ពស់ចំពោះទាំងអ្នករស់នៅ និងអ្នកវិនិយោគលើអចលនទ្រព្យ។
លោកបានថ្លែងប្រាប់កាសែត Business Times ថា “ក្នុងរយៈពេល៥ឆ្នាំតទៅមុខ តំបន់ហិរញ្ញវត្ថុពិសេសនេះ អាចទាក់ទាញក្រុមហ៊ុនអាជីវកម្មថ្មីជាច្រើន និងអ្នកចូកមករស់នៅថ្មីប្រមាណ១ម៉ឺន ឬ២នាក់ហេតុនេះ តម្លៃផ្ទះនឹងកើនឡើងខ្ពស់ជាងតម្លៃដាក់លក់ដំបូង ហើយថែមទាំងមានគម្រោង សម្រាប់ការសាងសង់ថ្មីបន្ថែមទៀត”។
បណ្តាអ្នកវិនិយោគអចលនទ្រព្យបែប Proactive គ្រោងនឹងឆក់យកឱកាសនេះដំបូងគេ មុនពេលតម្លៃផ្ទះនៅទីក្រុង Forest City ហក់ឡើងថ្លៃ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន New Strait Times។
ចំណែកវិនិយោគិនផ្សេងទៀត គ្រោងនឹងរង់ចាំមើល មុនពេលពួកគេសម្រេចចិត្តទិញ ដើម្បីធ្វើឱ្យប្រាកដថា កញ្ចប់លើកទឹកចិត្តថ្មីនេះ ពិតជាអាចធ្វើឱ្យទីផ្សារអចលនទ្រព្យ ក្នុងទីក្រុង Forest City ស្ទុះងើបឡើងវិញ៕ប្រភព: NST Online៕
