ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Trump Organization របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងធ្វើការអភិវឌ្ឍន៍សណ្ឋាគារ ទីតាំងលេងកីឡាវាយកូនហ្គោល និងរមណីយដ្ឋានកម្សាន្តនៅភាគខាងជើងប្រទេសវៀតណាម។
ក្រុមអ្នកតំណាងនៃក្រុមហ៊ុនរបស់លោក Trump បានបង្ហាញចំណាប់អារម្មណ៍ខាងលើទៅកាន់រដ្ឋបាលខេត្ត Hung Yen នៃប្រទេសវៀតណាម នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ។
លោក Tran Quoc Van ប្រធានរដ្ឋបាលខេត្ត Hung Yen បានមានប្រសាសន៍ឱ្យដឹងថា លោកស្វាគមន៍ក្រុមហ៊ុនក្នុងការសិក្សាលទ្ធភាពសម្រាប់ការវិនិយោគដ៏មានសក្តានុពលមួយនេះ។
-->
បច្ចុប្បន្ន ខេត្ត Hung Yen ស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការដឹកជញ្ជូន ឧស្សាហកម្ម និងលំនៅដ្ឋាន។
លោក Nguyen Huu Nghia លេខាគណបក្សកុម្មុយនីសវៀតណាមប្រចាំខេត្តHung Yen បានលើកឡើងថា អាជ្ញាធរមូលដ្ឋាននឹងផ្តល់លក្ខខណ្ឌអំណោយផលក្នុងក្របខ័ណ្ឌច្បាប់ដើម្បីគាំទ្រដល់ក្រុមហ៊ុន Trump Organization ខណៈក្រុមហ៊ុនកំពុងស្វែងរកជម្រើសវិនិយោគ។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងតបតាមសំណើរបស់ក្រុមហ៊ុន Hung Yen Group ជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ហើយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ជាម្ចាស់ភាគហ៊ុន។
ក្រុមហ៊ុន Trump Organization បានគ្រប់គ្រង និងអភិវឌ្ឍន៍រមណីយដ្ឋាន និងទីលានវាយកូនហ្គោលជាច្រើននៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត រួមមានប្រទេសអារ៉ាប់រួម (UAE) ប្រទេសឥណ្ឌូនេស៊ី ប្រទេសកូរ៉េខាងត្បូង ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌា៕ប្រភព: Vnexpress៕
