សេដ្ឋវិទូជាន់ខ្ពស់មួយរូបអះអាងថា វិបត្តិអចលនទ្រព្យនៅប្រទេសចិនមិនផ្ទុះរាលដាលដល់ពិភពលោកនោះទេ

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែជាហានិភ័យដ៏ធំបំផុតចំពោះការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤នេះ ខណៈក្រុមមន្រ្តីបង្កើតគោលនយោបាយចិនហាក់មិនសម្រុកធ្វើការផ្លាស់ប្តូរអ្វីជាដុំកំភួននៅឡើយនោះទេ។

ប៉ុន្តែ ទោះជាយ៉ាងណាលោក Paul Gruenwald ប្រធានសេដ្ឋវិទូសកលនៅក្រុមហ៊ុន S&P Global Ratings បានលើកឡើងថា “ប្រទេសចិនមានទុនបម្រុងសន្សំទុកដើម្បីដោះស្រាបញ្ហានេះ។ វិបត្តិអចលនទ្រព្យចិនមិនជះឥទ្ធិពលរាលដាលទៅកាន់ពិភពលោកខ្លាំងពេកនោះទេ”។

លោកបន្តថា “ដូច្នេះ ពុំមានសម្ពាធពីខាងក្រៅ ឬទីផ្សារ ដើម្បីបង្ខំឱ្យក្រុមមន្រ្តីបង្កើតគោលនយោបាយចិនដោះស្រាយវិបត្តិនេះទាំងប្រញាប់ប្រញាល់នោះទេ។ ពួកគេអាចធ្វើបានអាស្រ័យតាមពេលវេលារបស់ពួកគេ។ប៉ុន្តែ យើងមិនទាន់ធ្លាក់ចុះដល់បាតនៅឡើយទេ”។នេះបើយោងតាមសារពត៌មាន South China Morning Post។

នៅក្នុងខែឧសភា ប្រទេសចិនបានដាក់បង្ហាញនូវវិធានការដើម្បីស្តារស្ថិរភាពនៅក្នុងវិស័យអចលនទ្រព្យ ក្រោយវិស័យនេះបានដាំក្បាលចុះ ចាប់តាំងពីក្រុមហ៊ុន Evergrande Group ខកខានទូទាត់សងបំណុលក្នុងឆ្នាំ២០២១។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿជាក់ថា វិបត្តិនេះនៅតែទាមទារឱ្យមានចំណាត់ការដោះស្រាយខ្លាំងជាងនេះបន្ថែមទៀត។

តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០នៃប្រទេសចិន បានកើនឡើងត្រឹមតែ០,១១ភាគរយនៅក្នុងខែសីហាធៀបនឹងខែកក្កដា។ នេះបើយោងតាមរបាយការណ៍ពីស្ថាប័នជំនាញផ្នែកស្រាវជ្រាវអចលនទ្រព្យ China Index academy៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here