ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាម្ចាស់ផ្ទះជាច្រើននៅក្នុងប្រទេសចិនបានបង្ហាញការសាទរចំពោះការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈម្ចាស់ផ្ទះសង្ឃឹមថា វិធានការនេះនឹងជួយសម្រាលបន្ទុកទូទាត់សងប្រាក់កម្ចីរបស់ពួកគេ។
កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ប្រទេសចិនបានបង្ហាញកញ្ចប់ជំរុញទឹកចិត្តរបស់ខ្លួនសម្រាប់វិស័យអចលនទ្រព្យ រួមមានទាំងការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការកាត់បន្ថយការបង់ប្រាក់កក់សម្រាប់ការទិញផ្ទះទី២ ពីអត្រា២៥ភាគរយមកនៅត្រឹមអត្រា១៥ភាគរយនៃតម្លៃផ្ទះ។
លោក Pan Gongsheng អគ្គទេសាភិបាលនៃធនាគារកណ្ដាលចិន បានថ្លែងថា វិធានការនេះនឹងបន្ធូរបន្ថយបន្ទុកទូទាត់អត្រាការប្រាក់លើកម្ចីទិញផ្ទះសម្រាប់ប្រជាជនចិនប្រមាណ១៥០លាននាក់ ដោយជួយកាត់បន្ថយការបង់អត្រាការប្រាក់ប្រចាំឆ្នាំរបស់ពួកគេប្រហែល២១,៣ពាន់លានដុល្លារ។
បណ្តាម្ចាស់ផ្ទះនៅក្នុងប្រទេសចិនបានលើកឡើងទាំងក្តីរំភើបរីករាយថា ពួកគេគាំទ្រចំពោះសកម្មភាពរបស់ធនាគារកណ្តាលចិន ទោះបីជាក្រុមអ្នកវិភាគ និងសេដ្ឋវិទូមួយចំនួនអះអាងថា ចំណាត់ការនេះនឹងមិនអាចជំរុញឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សយ៉ាងណាក្តី។
លោកស្រី Jessie Deng អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុនសំណង់មួយបានលើកឡើងថា “ខ្ញុំមិនចាំបាច់រៀបចំផែនការទូទាត់សងបំណុលមុនកាលកំណត់លើប្រាក់កម្ចីទិញផ្ទះរបស់ខ្ញុំទៀតនោះទេ”។
លោកស្រីបានទិញផ្ទះនៅទីក្រុងក្វាងចូវក្នុងឆ្នាំ២០២១ ខណៈនៅពេលនោះការបង់អត្រាការប្រាក់លើកម្ចីប្រចាំឆ្នាំស្ថិតក្នុងរង្វង់៥,៣ភាគរយ។ លោកស្រីត្រូវទូទាត់សងទៅឱ្យធនាគារជាង១០.០០០យ័នក្នុងមួយខែ។ចំនួននេះមានកម្រិតស្មើនឹងប្រាក់បៀរវត្សរ៍ប្រចាំខែរបស់បុគ្គលិកធម្មតានៅក្នុងទីក្រុង។
លើសពីនេះ ធនាគារកណ្តាលចិនបានទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិតនៅតាមបណ្តាធនាគារនៅប្រទេសចិនក្នុងចំនួនចន្លោះពី០,២៥ភាគរយទៅ០,៥ភាគរយ។ ធនាគារកណ្តាលចិនអះអាងថា វិធានការនេះនឹងអាចធ្វើឱ្យធនាគារនានា មានលទ្ធភាពផ្តល់កម្ចីបន្ថែមបានកាន់តែច្រើន និងចាក់បញ្ចូលសាច់ប្រាក់ក្នុងរយៈពេលវែងប្រមាណ១ទ្រីលានយ័នចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុ៕ប្រភព: SCMP៕