ម៉ាឡេសុីប្រកាសថា ខ្លួនមានថាមពលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គត់បណ្តាក្រុមហ៊ុនវិនិយោគធំៗមកពីបរទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អុីប្រាហុីម បានប្រកាសថា ម៉ាឡេស៊ីសម្រេចបានអតិរេកថាមពលគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ថាមពលដល់គម្រោងអភិវឌ្ឍន៍សំខាន់ថ្មីៗ ក៏ដូចជាជួយបង្កើនការនាំចេញរបស់ខ្លួន។

ការប្រកាសនេះបានធ្វើឡើង ស្របពេលលោក អាន់វ៉ា អុីប្រាហុីម មានបំណងទាក់ទាញបណ្តាអ្នកវិនិយោគធំៗចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងរវាងប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរី។

ប្រទេសជិតខាងទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅរដ្ឋ Johor ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី និងជាប់ព្រំដែនជាមួយប្រទេសសិង្ហបុរី ក្នុងគោលបំណងទាក់ទាញការវិនិយោគ និងសម្រួលលំហូរទំនិញ និងប្រជាជនដោយសេរី។

លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អុីប្រាហ៊ីម បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងបន្តអនុវត្តន៍គំនិតផ្តួចផ្តើមងាកទៅរកថាមពលកកើតឡើងវិញ ខណៈម៉ាឡេសុីមានមហិច្ឆិតាសម្រេចឱ្យបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ២០៥០ខាងមុខ។

លោក អាន់វ៉ា បានថ្លែងឱ្យដឹងថា ជាមួយនឹងគម្រោងផ្តោតលើថាមពលផ្សេងៗនៅគ្រប់រដ្ឋ និងតំបន់ទាំងអស់នៃប្រទេសម៉ាឡេស៊ី យើងមានទំនុកចិត្តចំពោះការសម្រេចបានអតិរេកថាមពល ដើម្បីផ្តល់ថាមពលដល់ការអភិវឌ្ឍន៍ដូចជាតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនការនាំចេញថាមពលរបស់យើង។

តម្រូវការប្រើប្រាស់ថាមពលនៅក្នុងរដ្ឋ Johor ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈរដ្ឋមួយនេះបានទាក់ទាញគម្រោងវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យខ្នាតធំជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជាក្រុមហ៊ុនបន្ទះឈីប Nvidia របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ByteDance របស់ប្រទេសចិន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here