តម្លៃជួលការិយាល័យកម្រិត A នៅប្រទេសសិង្ហបុរីស្ថិតក្នុងសភាពទ្រឹង ខណៈតម្រូវការធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យកម្រិត A របស់ប្រទេសសិង្ហបុរីកំពុងបង្ហាញសញ្ញានៃការដាំក្បាលចុះ ខណៈអត្រាការិយាល័យទំនេរបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២ឆ្នាំ ដោយតម្រូវការជួលថយចុះ។

អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងសិង្ហបុរី បានកើនឡើងចំនួន២ត្រីមាសជាប់ៗគ្នាដល់៨,៣ភាគរយនៅចន្លោះខែកក្កដាដល់ខែកញ្ញា។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL)។

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមក្នុងមួយហ្វីតការ៉េបានស្ថិតក្នុងសភាពទ្រឹងក្នុងរង្វង់១១,៥០ដុល្លារសិង្ហបុរី(ប្រហែល៨,៩៥ដុល្លារអាមេរិក)ក្នុងមួយខែ បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសមុន។

ការកើនឡើងនៃអត្រាការិយាល័យទំនេរបណ្តាលមកពីការបើកដំណើរការអគារការិយាល័យថ្មី IOI Central Boulevard Towers ដែលមានទំហំផ្ទៃក្រឡាការិយាល័យប្រហែល១,២៦លានហ្វីតការ៉េ ខណៈតម្រូវការធ្លាក់ចុះ។ប៉ុន្តែ ការផ្គត់ផ្គង់បែរជាកើនឡើង។

យ៉ាងណាមិញ ក្រុមហ៊ុន JLL បានវាយតម្លៃថា “ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការសម្រេចចិត្តយឺតពេកក្នុងការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅខែកញ្ញានេះក៏បានជះផលប៉ះពាល់ដល់តម្រូវការការិយាល័យនៅសិង្ហបុរីផងដែរ”។

ទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរីធ្លាក់ចុះ ស្របពេលប្រភពសំខាន់ក្នុងការជំរុញតម្រូវការជួលការិយាល័យបានថមថយចុះ ដូចជាការធ្លាក់ចុះនៃតម្រូវការជួលការិយាល័យរបស់ក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យា។

លោក Andrew Tangye ប្រធានទទួលបន្ទុកផ្នែកជួលការិយាល័យ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន JLL Singapore បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការិយាល័យទំនេរនៅតែអាចបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ ខណៈក្រុមហ៊ុននានាកំពុងជួបប្រទះបញ្ហាកំណើននៃការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់៕ប្រភព: Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here