ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី គ្រោងជំរុញការសាងសង់ផ្ទះនិងអាផាតម៉ិនថ្មីៗទូទាំងប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកប្រធានាធិបតីជាប់ឆ្នោតថ្មី​ របស់​ប្រទេសឥណ្ឌូនេស៊ី  Prabowo Subianto ​បានបង្ហើបគោលដៅប្រកបដោ​យមហិច្ឆិតា ក្នុងការសាងសង់ផ្ទះចំនួន២លានខ្នង ជារៀងរាល់ឆ្នាំ នៅ​តាម​ភូមិនានា​ទូទាំង​ប្រទេស​ ខណៈលោក​នឹង​ត្រូវឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីផ្លូវ​ការ ​ក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។

យោងតាមសារពត៌មាន​ Jakarta Globe បានរាយការណ៍ថា លោក Hashim Djojohadikusumo អនុប្រធានក្រុមប្រឹក្សា​គណបក្ស Gerindra Party និងជាប្អូនប្រុសរបស់លោក Prabowo ​បានទម្លាយឱ្យដឹងថា​ លោក​ប្រធានាធិបតីជាប់ឆ្នោតថ្មី ក៏គ្រោងបញ្ជាឱ្យសាងសង់​អាផាតម៉ិន ​ចំនួន១លានយូនីតនៅ​តាម​ទីក្រុង​នានា​ជារៀងរាល់ឆ្នាំផងដែរ។

ផែនការ​សម្រុកសាង​សង់​ផ្ទះ ​ប្រកបដោយមហិច្ឆិតា​នេះ​ មានគោលដៅ​​​ឆ្លើយតប ទៅនឹង​បញ្ហាកង្វះ​ខាត​ផ្ទះ​​ សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ នៅ​ទូទាំង​ប្រទេស​។ ​

លោក​ Hashim បាន​អះ​អាង​ថា “ប្រជាជន​​ឥណ្ឌូនេស៊ី​ស៊ីជិត១១​លាននាក់​ ពុំមានផ្ទះ​សម​រម្យ​សម្រាប់រស់នៅនោះ​ទេ”។

ជាមួយ​គ្នានេះ ប្រទេសឥណ្ឌូនេស៊ី ​​ក៏មានផ្ទះចំនួន២៧លាន​យូនីត​ ដែល​ត្រូវ​បាន​គេចាត់​ទុក​ជា ​“ផ្ទះ​ដែ​ល​ពុំមានលក្ខខណ្ឌសមរម្យ សម្រាប់ការរស់នៅ” ផង​ដែរ​ ដោយសារ​តែកង្វះ​​ទឹកស្អាត និងភ្លើងអគ្គិសនី​ សម្រាប់បម្រើដល់តម្រូវការប្រើ​ប្រាស់​របស់ប្រជាជន។

លោក​ Hashim បានលើកឡើងថា​ លោក​បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេសចិន និងប្រទេសកាតា ដើម្បីជួបពិភាក្សាជាមួ​យបណ្តាវិនិយោគិនដ៏មានសក្តានុពល ដើម្បីប្រែក្លាយផែនការ​នេះ​ទៅជាការពិត។

លោក​គូសបញ្ជាក់ថា “អ្នក​វិនិយោគ​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​សាងសង់​ផ្ទះ​ សម្រាប់​ប្រជាជន​ដែល​មានជីវភាពខ្វះខាត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី”។

លើស​ពី​នេះ​ទៀត លោក​ ​Hashim បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា​ ផែនការ​សាងសង់​ផ្ទះ ​នឹង​ផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច ព្រោះ​វិស័យអចលនទ្រព្យ អាចជាកត្តាជំរុញកំណើនសេដ្ឋកិច្ច​ដ៏សំខាន់។ ​

ជាក់​ស្ដែង ​​ វិស័យសំណង់ និងអចលនទ្រព្យ​នៅ​ប្រទេស​ចិន ចូលរួម​ចំណែក​ប្រមាណ២៥ភាគរយ នៃផលទុនជាតិសរុប (GDP) របស់ប្រទេស​នេះ​ ខណៈ​បច្ចុប្បន្ន វិស័យអចលនទ្រព្យបានចូលរួម​ចំណែក​១៤ភាគរយ នៃទំហំGDPរបស់ឥណ្ឌូនេស៊ី៕ប្រភព:Jakarta Globe៕

LEAVE A REPLY

Please enter your comment!
Please enter your name here