ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់អគារ Jeddah Tower របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្ដើមសាងសង់ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជិត៧ឆ្នាំ ដោយសារយុទ្ធនាការបោសសម្អាតប្រឆាំងអំពើពុករលួយទូទាំងប្រទេស។
ថ្លែងក្នុងពិធីចាប់ផ្តើមបើកការដ្ឋានឡើងវិញ កាលពីថ្ងៃពុធ ទី២ ខែតុលា ក្រុមហ៊ុន Jeddah Economic Company (JEC) ដែលជាអ្នកអភិវឌ្ឍន៍គម្រោង បានប្រកាសថា អគារ Jeddah Tower គ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២៨។
-->
មុនពេលផ្អាកការដ្ឋានសាងសង់ គម្រោងអគារ Jeddah Tower កម្ពស់១.០០០ម៉ែត្រនេះ សម្រេចបានវឌ្ឍនភាពនៃការសាងសង់ប្រមាណ១ភាគ៣ នៃគម្រោងទាំងមូលនៅឆ្នាំ២០១៧។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេលើពិភពលោក។
ប៉ុន្តែនៅឆ្នាំ២០១៨ គម្រោងត្រូវបានផ្អាក ដោយសារបុគ្គលសំខាន់ៗជាច្រើន រួមទាំងប្រធានក្រុមអ្នកម៉ៅការ និងក្រុមហ៊ុនដែលសហការ ផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ត្រូវបានចាប់ខ្លួន នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។
ពិធីបើកការដ្ឋានសាងសង់អគារ Jeddah Tower ជាថ្មីទទួលបានការចូលរួមពីព្រះអង្គម្ចាស់ Alwaleed bin Talal ប្រធានក្រុមហ៊ុនKingdom Holding ដែលធ្លាប់ជាអ្នកគាំទ្រ ដ៏ចម្បងរបស់គម្រោងនេះ និងត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ឃុំខ្លួនជិត៣ខែ។
ចំណែក លោកBakr bin Laden ប្រធានក្រុមហ៊ុនម៉ៅការ ដែលបុគ្គលសំខាន់មួយរូបទៀត ត្រូវបានឃុំខ្លួនក្នុងអំឡុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ត្រូវបានដោះលែងនៅឆ្នាំ២០២១ បន្ទាប់ពីជាប់ឃុំចំនួន៣ឆ្នាំ ខណៈលោកត្រូវជាបងប្អូនរបស់លោក Osama bin Laden៕ប្រភព: CNN៕
