ហ្វីលីពីន​គ្រោងសាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ពាណិជ្ជកម្ម​ឱ្យបានសម្រេចនៅ​ត្រឹមឆ្នាំ​២០៣២ខាងមុខ

0

ដោយ: គង់ លាងហួរ
ម៉ានីល: រដ្ឋាភិបាល​ហ្វីលីពីនគ្រោងសាងសង់​រោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួននៅ​ត្រឹម​ឆ្នាំ​២០៣២​ខាង​មុខ។ កិច្ចខិតខំប្រឹងប្រែងនេះជាការ​ចូលរួមជាមួយ​បណ្តាប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​​ ក្នុងការងាកទៅរកប្រភពថាមពលស្អាត ដើម្បីបំពេញកំណើននៃតម្រូវការអគ្គិសនី។

យោងតាមក្រសួងថាមពលហ្វីលីពីន បាន​ប្រកាសឱ្យដឹងកាល​ពី​ពេលថ្មីៗនេះថា រដ្ឋាភិបាលក្រុងម៉ានីលគ្រោងនឹងផ្តល់អាទិភាពដល់ច្បាប់ដែលផ្តោតលើសុវត្ថិភាពនុយក្លេអ៊ែរ ព្រមទាំងធានា​ថា ​ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទាំង​ឡាយ ត្រូវបានចែង​ដើម្បីការពារ​សុខភាពសាធារណៈ បរិស្ថាន និងសន្តិសុខជាតិ។

ជាមួយគ្នានេះ រដ្ឋាភិបាលហ្វីលីពីន ក៏គ្រោងនឹង​បង្កើត​​អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរឯករាជ្យ​​មួយ ដើម្បីធ្វើការត្រួតពិនិត្យលើការអភិវឌ្ឍន៍កម្មវិធី​ផលិតថាមពល​ដើរដោយនុយក្លេអ៊ែរ​នេះ​ផង​ដែរ។

លោកស្រី Sharon Garin អនុរដ្ឋលេខាធិការនៃក្រសួងថាមពលហ្វីលីពីន បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសហ្វីលីពីននឹង​ព្យាយាម​ផលិត​ថាមពល​នុយក្លេអ៊ែរ​​សម្រាប់​ដំណើរការ​ពាណិជ្ជកម្ម​ឱ្យបានយ៉ាងតិចណាស់១.២០០​មេហ្គាវ៉ាត់នៅឆ្នាំ​២០៣២ ហើយនឹងបន្តកើនឡើងដល់៤.៨០០​មេហ្គាវ៉ាត់នៅឆ្នាំ២០៥០។

យោងតាមទិន្នន័យរបស់​ស្ថាប័ន​ស្រាវជ្រាវ BloombergNEF បានបង្ហាញថា សមត្ថភាពផលិតថាមពល​អគ្គិសនី​សរុបរបស់ប្រទេស​ហ្វីលីពីន​ទាំងមូលមាន​ចំនួន២៨.៤០០មេហ្គាវ៉ាត់​កាល​ពី​ចុងឆ្នាំ​២០២២។

ការផលិតអគ្គិសនីចេញពីថាមពលនុយក្លេអ៊ែរ កំពុង​សម្រេចបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​នៅ​លើ​ពិភព​លោក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល។

ជាមួយគ្នានេះ បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដូចជា ប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីក៏កំពុងពិចារណាលើ​ដំណើរការ​ផលិតថាមពល​នុយក្លេអ៊ែរ​នេះ​ផងដែរ៕ប្រភព:xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here