ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនឥណ្ឌាកំពុងងាកទៅបំពេញចន្លោះប្រហោងមួយចំនួន បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិន ដោយទីក្រុងវ៉ាស៊ីនតោនបានបង្កើនការបង្ក្រាបលើក្រុមហ៊ុនផលិតបន្ទះសូឡាដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
លោក Sumant Sinha ប្រធានប្រតិបត្តិក្រុមហ៊ុន ReNew ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ឥណ្ឌា បានថ្លែងប្រាប់កាសែត Financial Times ថា ថាមពលពន្លឺព្រះអាទិត្យពីប្រទេសឥណ្ឌានឹងស្រូបទាក់ទាញបានតម្រូវការ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការពឹងផ្អែកផ្នែកថាមពលលើប្រទេសចិន។
លោក Sinha បានបន្តថា “សហរដ្ឋអាមេរិកកំពុងធ្វើពិពិធកម្មលើការនាំចូលទំនិញមួយចំនួនពីចិន ហើយឥណ្ឌាពិតជាអាចទាញបានផលប្រយោជន៍ពីយុទ្ធសាស្ត្តចិនបូកមួយ ដរាបណាឱ្យតែពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាបៃតង”។
-->
លោកបានបន្ថែមថា ក្រុមហ៊ុន ReNew របស់លោក កំពុងពិចារណាលើការនាំចេញថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនពីរោងចក្រនៅក្នុងប្រទេសឥណ្ឌាទៅកាន់អាមេរិក ដើម្បីបំពេញចន្លោះប្រហោងរបស់ក្រុមហ៊ុនចិន។
បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាចំពោះការយកពន្ធបន្ថែមទៀតលើការនាំចូលថាមពលពន្លឺព្រះអាទិត្យដើម្បីការពារឧស្សាហកម្មក្នុងស្រុក ដោយសារលំហូរបន្ទះសូឡាពីប្រទេសចិនបានជំរុញឱ្យតម្លៃបន្ទះសូឡានៅលើពិភពលោកដាំក្បាលចុះ។
កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយរបាយការណ៍ប៉ាន់ប្រមាណបឋមលើផែនការយកពន្ធចំនួន២៩៣ភាគរយលើការនាំចូលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យពីបណ្តាប្រទេសចំនួន៤ នៅតំបន់អាស៊ាន ដោយសារអ្នកផ្គត់ផ្គង់ភាគច្រើនរបស់ពួកគេជាក្រុមហ៊ុនចិន។
លោក Subrahmanyam Pulipaka ប្រធានប្រតិបត្តិរបស់សហព័ន្ធថាមពលពន្លឺព្រះអាទិត្យថ្នាក់ជាតិនៃប្រទេសឥណ្ឌាបានមានប្រសាសន៍ឱ្យដឹងថា “ពុំមានក្រុមហ៊ុនផលិតបន្ទះសូឡាណាមួយនៅក្នុងប្រទេសឥណ្ឌា ដែលមិនគិតគូរអំពីការនាំចេញរបស់ខ្លួនពួកគេនោះទេ”៕ប្រភព: Financial Times៕
