ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អចលនទ្រព្យនៅក្នុងទីក្រុងធំៗមួយចំនួននៅប្រទេសចិនក្នុងអំឡុងទិវា“សប្តាហ៍មាស”រយៈពេលពេញ១សប្តាហ៍បានកើនឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបង្ហាញវិធានការមួយចំនួនដើម្បីជំរុញទីផ្សារអចលនទ្រព្យ។
ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថា វាជាការឆាប់ពេកហើយ ក្នុងការគិតថា ការកើនឡើងនៃការលក់នេះជាសញ្ញានៃការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យអចលនទ្រព្យនៅប្រទេសចិន ខណៈទីផ្សារនៅតែត្រូវការវិធានការជំរុញបន្ថែមទៀតជាចាំបាច់។
នារយៈពេលប៉ុន្មានថ្ងៃ មុនពេលទិវាសប្តាហ៍មាស (Golden Week) ចាប់ផ្តើមចូលមកដល់នៅថ្ងៃទី១ ខែតុលា ទីក្រុងប៉េកាំងបានប្រកាសកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ ដើម្បីរក្សាស្ថិរភាពនៃការលក់ និងតម្លៃអចលនទ្រព្យនៅលើទីផ្សារ។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខានទូទាត់សងបំណុលជាបន្តបន្ទាប់គ្នា ដោយបន្សល់ទុកឱ្យគម្រោងជាប់គាំង។ វិបត្តិនេះបានអូសទាញកំណើនសេដ្ឋកិច្ចចិន និងកាត់បន្ថយទំនុកចិត្តអ្នកទិញផ្ទះ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងអំឡុងពេលវិស្សមកាលរយៈពេល១សប្តាហ៍ពេញ ចំនួននៃការដើរមើលផ្ទះ(House visits) ដែលជាសូចនាករឆ្លុះបញ្ចាំងពីឆន្ទៈចង់ទិញផ្ទះ បានកើនឡើងយ៉ាងគំហុក ខណៈការលក់ផ្ទះនៅទីក្រុងជាច្រើនបានកើនឡើងក្នុងកម្រិតខុសៗគ្នា។
លោក Raymond Cheng អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យនៅក្រុមហ៊ុន CGS International Securities បានលើកឡើងថា “សន្ទុះនៃការលក់ជាសញ្ញាវិជ្ជមានសម្រាប់ទីក្រុងទាំងនេះ ហើយការលក់អចលនទ្រព្យនៅក្នុងទីក្រុងផ្សេងទៀត ក៏អាចងើបឡើងវិញក្នុងរយៈពេលដ៏ខ្លីនេះផងដែរ ដោយផ្អែកលើការគាំទ្រគោលនយោបាយដ៏រឹងមាំ និងភាពប្រសើរឡើងនៃទំនុកចិត្តទីផ្សារ”។
លោក Cheng បានរំពឹងទុកថា ការលក់អចលនទ្រព្យរបស់ប្រទេសចិនអាចនឹងបង្ហាញពីកំណើនវិជ្ជមាន នៅក្នុងត្រីមាសទី៤ចុងក្រោយនៃឆ្នាំនេះ។
ប៉ុន្តែ ក្រុមអ្នកវិភាគនៅធនាគារខ្នាតយក្សអាមេរិក J.P. Morgan បានព្រមានថា សន្ទុះនៅតែមានសភាពខ្សោយជាងពេល ដែលរដ្ឋាភិបាលចិនបានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅត្រីមាសទី១ ឆ្នាំ២០២៣ បន្ទាប់ពីជំងឺរាតត្បាតបានកន្លងផុតទៅ។
ក្រុមអ្នកវិភាគរបស់ធនាគារ J.P. Morgan បានផ្តល់ជាគំនិតយោបល់ថា ការលក់អចលនទ្រព្យនៅខែវិច្ឆិកាខាងមុខនឹងក្លាយជាគន្លឹះដ៏សំខាន់មួយ ដើម្បីកំណត់ដឹងថា តើទីផ្សារកំពុងធ្លាក់ចុះដល់បាតហើយឬនៅ?។
ពួកគេក៏បានអះអាងផងដែរថា ទីក្រុងតូចៗនៅប្រទេសចិនកំពុងជួបប្រទះវិបត្តិនៃការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការកាន់តែធ្ងន់ធ្ងរ ដោយសារតែការថយចុះនៃចំនួនប្រជាជន និងបញ្ហាសុខភាពផ្នែកហិរញ្ញវត្ថុរបស់រដ្ឋបាលក្នុងតំបន់នានា ហើយតម្រូវការផ្ទះនៅទីនោះមិនទាន់មានការកើនឡើងនៅឡើយទេ។
ចំណែក ក្រុមអ្នកវិភាគនៅធនាគារស្វីស UBS ប៉ាន់ប្រមាណថា ប្រទេសចិនត្រូវការទុនវិនិយោគចំនួន៣ទ្រីលានយ័ន (ប្រហែល៤២៧,៥០ពាន់លានដុល្លារ) ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ផ្ទះលើសតម្រូវការនៅក្នុងទីក្រុងធំៗចំនួន៨០ ហើយចិនអាចបន្តពឹងផ្អែកលើធនាគារកណ្តាលរបស់ខ្លួនដើម្បីជួយសម្រួលដល់ដំណើរការស្តារឡើងវិញ។
ធនាគារ UBS រំពឹងថា ទិន្នន័យសេដ្ឋកិច្ចចុងក្រោយបង្អស់របស់ចិន នឹងបង្ហាញឲ្យឃើញពីការថយចុះនៃសន្ទុះនៅក្នុងចរន្តសេដ្ឋកិច្ចចិនជាបន្តទៀត ទោះបីជាការលក់អចលនទ្រព្យប្រចាំថ្ងៃនៅដើមខែតុលា និងការចំណាយរបស់ប្រជាជនចិនក្នុងទិវាសប្តាហ៍មាសមានភាពប្រសើរឡើងយ៉ាងណាក្តី៕ប្រភព:Reuters៕