ការអភិវឌ្ឍន៍រដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេស៊ី កំពុងរងការរិះគន់លើបញ្ហាគ្មានបរិយាបន្ន និងបង្កវិសមភាពសង្គម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសាងសង់រដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកវិភាគ ព្រោះពួកគេភ័យខ្លាចថា គម្រោងខ្នាតយក្សនេះត្រូវបានសាងសង់ឡើងសម្រាប់តែក្រុមអ្នកមានប៉ុណ្ណោះ និងគ្មានបរិយាបន្ននោះឡើយ។

លោក Nirwono Joga អ្នកជំនាញផ្នែករៀបចំផែនការទីក្រុងមួយរូបបានលើកឡើងថា ការអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ឥណ្ឌូនេសុី បានធ្វើឱ្យគោលការណ៍រៀបចំផែនការទីក្រុងសំខាន់ៗដើរថយក្រោយ ដោយផ្តល់អាទិភាពតែលើការបើកការដ្ឋានសាងសង់មន្ទីរពេទ្យលំដាប់អន្តរជាតិ និងសាលារៀនឯកជន។ ប៉ុន្តែ រដ្ឋធានីថ្មីបានផាត់ចោលនូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។

លោក Nirwono បានបន្តថា “រដ្ឋាភិបាល​ប្រញាប់ប្រញាល់ពេកក្នុង​ការ​ចង់បង្ហាញ​លទ្ធផលឱ្យគេបានឃើញ។ ប៉ុន្តែ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើពុំមាន​នរណា​ម្នាក់​ប្រើ​ប្រាស់​មន្ទីរពេទ្យ ឬសាលារៀនលំដាប់​អន្តរជាតិ​ទាំង​អស់នោះ?”។

អ្នកជំនាញរៀបចំផែនការទីក្រុងរូបនេះអះអាងថា “ពួកគេប្រញាប់ប្រញាល់បើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ប៉ុន្តែ ប្រសិនបើគ្មាននរណាម្នាក់ប្រើប្រាស់សេវាកម្មទាំងនេះទេនោះ ការណ៍នេះនឹងជះផលអវិជ្ជមានទៅលើពួកគេវិញ”។

គិតមកទល់ពេលនេះ មន្ទីរពេទ្យចំនួន៤ទីតាំង កំពុងត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុង Nusantara ដោយក្នុងនោះរួមមានមន្ទីរពេទ្យឯកជនចំនួន៣ ហើយសាលារៀនឯកជនលំដាប់អន្តរជាតិយ៉ាងតិចចំនួន៤ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់។

ជាក់ស្ដែង សាលារៀនលំដាប់អន្តរជាតិឈ្មោះ “Al Azhar Summarecon Nusantara” ដែលជាសាលាឯកជនមួយ គ្រោងនឹងបើកទ្វារទទួលសិស្សចូលសិក្សានៅក្នុងឆ្នាំ២០២៥ខាងមុខ។

លោក Nirwono បានអះអាងថា ការអភិវឌ្ឍន៍យ៉ាងលឿនឆាប់រហ័សបែបនេះក៏បានបង្កឱ្យមានវិសមភាពសង្គមផងដែរ។ លោកចង្អុលបង្ហាញថា កម្មករជាច្រើននាក់ ដែលបានធ្វើការនៅទីក្រុង Nusantaraអស់ជាច្រើនខែ ចុងក្រោយត្រូវបានទុកចោលឱ្យរស់នៅក្នុងអគារលំនៅដ្ឋានរួមនៅតំបន់ជាយក្រុង។

លោក​បាន​បន្ថែម​ថា​ “នេះ​ជា​បញ្ហា​ ដែល​អាជ្ញាធរ​គ្រប់គ្រងរដ្ឋធានី​ថ្មីនឹង​ត្រូវ​ប្រឈម​មុខ​”។ លោកព្រមាន​ថា​ ការ​ដោះស្រាយ​ការកើនឡើងនៃវិសមភាព​សង្គម​ នឹង​ដាក់​បន្ទុក​ផ្នែកហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់​ធ្ងរលើរដ្ឋាភិបាលឥណ្ឌូនេស៊ី”។

លើសពីនេះ ចាប់តាំងពីគម្រោងទីក្រុង Nusantara ស្ថិតនៅក្នុងខេត្ត East Kalimantan ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ គេពុំសង្កេតឃើញមានដើមទុនវិនិយោគហូរចូលទៅកាន់តំបន់ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ីផ្សេងទៀត ដូចជាខេត្ត Sulawesi និងខេត្ត Papua នោះទេ៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here