ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនរដ្ឋកូរ៉េខាងត្បូង Korea Overseas Infrastructure and Urban Development គ្រោងសាងសង់គម្រោងលំនៅដ្ឋានដ៏ធំមួយនៅទីក្រុងឆ្លាតវៃ New Clark City របស់ប្រទេសហ្វីលីពីនក្រោមទុនវិនិយោគជិត១៥៨លានដុល្លារអាមេរិក។
នៅខាងក្រៅវេទិកាធុរកិច្ចហ្វីលីពីន-កូរ៉េកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក Joshua M. Bingcang ប្រធានអាជ្ញាធរបំប្លែង និងអភិវឌ្ឍន៍មូលដ្ឋាន (BCDA) បានអះអាងថា ស្ថាប័នរបស់លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនកូរ៉េដើម្បីអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន។
លោក Bingcang បានមានប្រសាសន៍ឱ្យដឹងបន្តថា “នេះជាអ្វី ដែលយើងបានទទួលស្វាគមន៍បំផុត ព្រោះនេះជាលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ហើយនេះពុំមែនជាជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)នោះទេ”។
លោកបន្ថែមថា “លំហូរ FDI នឹងដោះស្រាយតម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុង New Clark City ព្រោះរឿងនេះធ្លាប់ជាកង្វល់ក្នុងចំណោមបុគ្គលរបស់ស្ថាប័នរដ្ឋាភិបាល ដែលត្រូវបានស្នើសុំឱ្យផ្លាស់ទីលំនៅទៅកាន់ទីក្រុងថ្មី”។
នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Korea Overseas Infrastructure and Urban Development គ្រោងនឹងសាងសង់លំនៅដ្ឋានចំនួន៣.០០០យូនីតដំបូងនៅក្នុងទីក្រុង New Clark City ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរបស់បុគ្គលមកពីស្ថាប័នរដ្ឋាភិបាល និងកម្មករដែលមានប្រាក់ឈ្នួលអប្បបរមា។
ចំណែក ការកំណត់តម្លៃជួលលំនៅដ្ឋានប្រចាំខែកំពុងត្រូវបានពិចារណាក្នុងតម្លៃចន្លោះពី៥.០០០ប៉េសូទៅដល់៧.០០០ប៉េសូ(ប្រហែល៨៨ដុល្លារទៅ១២៣ដុល្លារ) ក្នុងមួយខែ។
លោក Bingcang បានបង្ហើបឱ្យដឹងថា គម្រោងលំនៅដ្ឋានដ៏ធំនេះនឹងលាតសន្ធឹងនៅលើផ្ទៃដីទំហំ៥ហិកតា ហើយគម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ឱ្យបានមុនដំណាច់ឆ្នាំ២០២៤។
លោកអះអាងថា គម្រោងទំហំ៥ហិកតានេះនឹងទទួលបានទុនវិនិយោគប្រហែល៩ពាន់លានប៉េសូ ហើយជាការពិតណាស់ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយប្រយោល ដូចជាការបង្កើតឱកាសការងារក្នុងកំឡុងពេលនៃការសាងសង់ ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការជះឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ចក្នុងស្រុក”៕ប្រភព: Business World Online៕