ប្រជាជនម៉ាឡេសុីសម្រុកកក់ដំណើរកំសាន្តទេសចរណ៍ទៅក្រៅប្រទេស ស្របពេលរូបិយប័ណ្ណជាតិមានភាពធន់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពរឹងមាំនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក“ប្រាក់រីងហ្គីត” និងការបើកជើងហោះហើរត្រង់អន្តរជាតិកាន់តែច្រើន បានលើកទឹកចិត្តឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនធ្វើដំណើរទៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសនៃតំបន់អាស៊ីបូព៌ា។

លោកស្រី Kathryn Lee ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ និងការធ្វើដំណើរម៉ាឡេសុី (Matta) បានលើកឡើងថា ចំនួនប្រជាជនម៉ាឡេស៊ី ដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេសមានការកើនឡើង ចាប់តាំងពីយុទ្ធនាការរឹតបន្តឹងជំងឺកូវីដ-១៩បានបិទបញ្ចប់កាលពីប៉ុន្មានឆ្នាំមុន។

លោកស្រីបន្តថា “នេះជារឿងវិជ្ជមានសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលកំពុងទន្ទឹងរង់ចាំឱកាសធ្វើដំណើរកំសាន្តទៅក្រៅប្រទេសម្តងទៀត ខណៈទីភ្នាក់ងារទេសចរណ៍នានាអះអាងថា ការកក់ដំណើរកំសាន្តទៅកាន់គោលដៅទេសចរណ៍ក្រៅប្រទេសមានការកើនឡើងចន្លោះពី៥០% ទៅ៦០%”។

លោកស្រី Lee បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គោលដៅទេសចរណ៍បរទេសពេញនិយមសម្រាប់ប្រជាជនម៉ាឡេស៊ី រួមមាន បណ្តាប្រទេសនៃតំបន់អាស៊ីបូព៌ា ដូចជាប្រទេសជប៉ុន និងប្រទេសចិន ព្រមទាំងបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ។

ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនភ្លេចគូសបញ្ជាក់ផងដែរថា “ប្រជាជនក្នុងស្រុកមួយចំនួនបានជ្រើសរើសផ្អាកការធ្វើដំណើររបស់ពួកគេទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា ដោយសារជម្លោះរវាងប្រទេសអុីរ៉ង់ និងប្រទេសអុីស្រាអែល”។

យោងតាមសារពត៌មាន Bernama បានរាយការណ៍ថា នាយករដ្ឋមន្រ្តីម៉ាឡេសុីលោក Anwar Ibrahim បានអះអាងថា ប្រាក់រីងហ្គីតពុំទាន់ហក់ឡើងដល់តម្លៃមួយសមស្របនៅឡើយទេ ទោះបីជាមានការងើបឡើងថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលថ្មីៗនេះយ៉ាងណាក្តី ហើយប្រាក់រីងហ្គីតកំពុងក្លាយជារូបិយប័ណ្ណដែលមានដំណើរការធន់បំផុតនៅតំបន់អាស៊ាន។

យ៉ាងណាមិញ ការងើបឡើងថ្លៃខ្ពស់ពេកនៃតម្លៃប្រាក់រីងហ្គីតអាចបង្កើនការព្រួយបារម្ភក្នុងចំណោមបណ្តាក្រុមហ៊ុននាំចេញទំនិញទៅក្រៅប្រទេស ដោយសារសេដ្ឋកិច្ចម៉ាឡេសុីត្រូវបានជំរុញជាចម្បងដោយការនាំចេញ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here