ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសវៀតណាម និងថៃបានឯកភាពគ្នាសម្របសម្រួលជាមួយបណ្តាប្រទេសពាក់ព័ន្ធចំនួន៤ផ្សេងទៀត ដើម្បីសាកល្បងគំនិតផ្តួចផ្តើម “ប្រទេសចំនួន៦ ទិសដៅតែមួយ” ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបជាមួយសមភាគីថៃលោកស្រី Paetongtarn Shinawatra នៅខាងក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងជំនួបក្រៅផ្លូវការ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសក្តានុពលសំខាន់មួយចំនួនដូចជាវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
-->
កាលពីដើមឆ្នាំ២០២៤នេះ ប្រទេសថៃបានស្នើឱ្យមានការបង្កើតទិដ្ឋាការរួមប្រភេទ Schengen សម្រាប់ថៃ និងបណ្តាប្រទេសសមាជិកអាស៊ានចំនួន៥ផ្សេងទៀត រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់។
ការដាក់ឱ្យប្រើប្រាស់ទិដ្ឋាការរួមនេះនឹងអាចអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍បរទេសអាចធ្វើដំណើរកំសាន្តនៅតាមបណ្តាប្រទេសអាស៊ានទាំង៦ ដោយកាន់ទិដ្ឋាការតែមួយប៉ុណ្ណោះ។
កាលពីឆ្នាំ២០២៣កន្លងទៅ បណ្តាប្រទេសអាស៊ានទាំង៦បានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសសរុបបញ្ចូលគ្នាប្រមាណ៧០លាននាក់។នេះបើយោងតាមទិន្នន័យផ្លូវការដែលត្រូវបានដកស្រង់ដោយសារពត៌មាន VNA។
ចំណែក នៅឆ្នាំនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសចំនួន២៦,៦លាននាក់គិតត្រឹមថ្ងៃទី៥ ខែតុលា កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារគោលនយោបាយលើកលែងទិដ្ឋាការ។
ទន្ទឹមនឹងនេះ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១២,៧លាននាក់នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះមានកម្រិតលើសពីចំនួនភ្ញៀវទេសចរណ៍អន្តរជាតិសរុប ដែលវៀតណាមទាក់ទាញបានពេញមួយឆ្នាំ២០២៣៕ប្រភព: VNA៕
