ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលបច្ចុប្បន្ននេះ តម្លៃផ្ទះពិតប្រាកដនៅក្នុងទីក្រុងធំៗជាច្រើននៅលើពិភពលោកបានធ្លាក់ចុះ ដោយសារអត្រាការប្រាក់កំពុងធ្វើឱ្យតម្រូវការផ្ទះធ្លាក់ចុះ។
ស្របពេលជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យកំពុងដាំក្បាលចុះ ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុដ៏តានតឹង និងការកើនឡើងនៃតម្លៃសំណង់។ជាលទ្ធផល ហានិភ័យនៃវិបត្តិពពុះសាប៊ូក្នុងទីផ្សារលំនៅដ្ឋានបានថយចុះនៅក្នុងទីក្រុងនានាដូចជា ទីក្រុងហុងកុង ទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក។
ទោះជាយ៉ាងណា ការហក់ឡើងនៃតម្រូវការផ្ទះប្រណីត និងតម្លៃភាគហ៊ុនកំពុងបង្កឱ្យមានហានិភ័យនៃវិបត្តិពពុះអចលនទ្រព្យនៅក្នុងទីក្រុងដទៃទៀតរបស់សហរដ្ឋអាមេរិក ដូចជាទីក្រុង Miami និងទីក្រុង Los Angeles ជាដើម។
-->
យោងតាមទិន្នន័យវិភាគពីធនាគារខ្នាតយក្ស UBS របស់ប្រទេសស្វីសបង្ហាញថា ទីក្រុង Miami របស់សហរដ្ឋអាមេរិកមានហានិភ័យនៃការផ្ទុះវិបត្តិពពុះក្នុងទីផ្សារលំនៅដ្ឋានខ្ពស់ជាងគេបំផុតទី១ក្នុងចំណោមបណ្តាទីក្រុងធំៗចំនួន២៥នៅលើពិភពលោក។
តម្លៃលំនៅដ្ឋានពិតនៅទីក្រុង Miami បានកើនឡើងជិត៥០ភាគរយចាប់តាំងពីចុងឆ្នាំ២០១៩។ការណ៍នេះបានជំរុញឱ្យគម្លាតកាន់តែធំរវាងតម្លៃផ្ទះ និងប្រាក់ចំណូលរបស់ពលរដ្ឋនៅទីក្រុង Miami។
ចំណាត់ថ្នាក់លេខ២ បានធ្លាក់ទៅលើទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានតម្លៃផ្ទះខ្ពស់កប់ពពកនៅលើពិភពលោក។
ការកំណត់គោលនយោបាយអត្រាការប្រាក់ដ៏ទាប និងកំណើនសេដ្ឋកិច្ចនៅទ្រឹងរបស់ជប៉ុនបានរួមចំណែកនាំឱ្យតម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូកើនឡើងខ្ពស់កប់ពពក។ ជាក់ស្ដែង កាលពីឆ្នាំមុន អាផាតមុិនទំហំ៦៤៦ហ្វីតការ៉េនៅទីក្រុងតូក្យូមានតម្លៃខ្ពស់ជាងប្រាក់ខែរបស់កម្មករជំនាញជាមធ្យមចំនួន១៥ដង។
ចំណែក ទីក្រុង Zurich របស់ប្រទេសស្វីស ទីក្រុង Los Angeles របស់អាមេរិក និងទីក្រុង Toronto របស់ប្រទេសកាណាដាបានឈរនៅលេខរៀងទី៣ ទី៤ និងទី៥រៀងគ្នា ក្នុងនាមជាទីក្រុង ដែលមានហានិភ័យខ្ពស់នៃការផ្ទុះវិបត្តិពពុះសាប៊ូនៅក្នុងទីផ្សារលំនៅដ្ឋាន។
ចំណែក តម្លៃផ្ទះនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម បានកើនឡើង១៧% នៅចន្លោះត្រីមាសទី២ ឆ្នាំ២០២៣ និងត្រីមាសទី២ ឆ្នាំ២០២៤។ តួលេខនេះជាការកើនឡើងលឿនបំផុតក្នុងចំណោមទីក្រុងនានាដែលត្រូវបានយកមកវិភាគដោយធនាគារ UBS។ប៉ុន្តែ ទីផ្សារនៅទីក្រុងឌូបៃមិនបានចូលក្នុងវិបត្តិពពុះសាប៊ូនៅឡើយទេ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការទិញផ្ទះប្រណីត និងកំណើនប្រជាជននៅទីក្រុងអារ៉ាប់មួយនេះបានកើនឡើងយ៉ាងគំហុក ស្របពេលដែលអ្នកទិញ ជាពិសេសក្រុមមហាសេដ្ឋីបានសម្រុកមកកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះ៕ប្រភព: Visual Capitalist៕
