ដោយ: គង់ លាងហួរ
វៀងច័ន្ទន៍: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសថា ប្រទេសរបស់លោកគ្រោងនឹងបង្កើនការផ្តល់មូលនិធិកិច្ចសហប្រតិបត្តិការទ្វេរដងឱ្យកើនឡើងដល់ទំហំំទឹកប្រាក់៤៨លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០២៧ ដើម្បីគាំទ្រគម្រោងសំខាន់ៗនៅក្នុងតំបន់អាស៊ាន។
ការប្រកាសខាងលើនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅប្រទេសឡាវ បន្ទាប់ពីភាគីទាំង២បានលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នេះជាលើកទី១ក្នុងរយៈពេល១៤ឆ្នាំកន្លងមក ដែលកូរ៉េខាងត្បូង និងតំបន់អាស៊ានបានឯកភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីភាគីទាំង២ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកម្រិតទាបក្នុងឆ្នាំ២០១០។
-->
ប្រទេសកូរ៉េខាងត្បូងក៏ជាដៃគូសន្ទនាទី៦របស់សមាគមអាស៊ានដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អូស្ត្រាលី និងឥណ្ឌា។
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លោកប្រធានាធិបតិ Yoon Suk Yeol បានលើកឡើងថា ក្នុងនាមជាដៃគូសម្រាប់វិបុលភាពរួមគ្នា ភាគីទាំងពីរនឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។
ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ-អាស៊ាន ពង្រីកកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ ឧស្សាហកម្មការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងការវិនិយោគ បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអុីនធឺណេត ថាមពលស្អាត ខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាទំនើប ដូចជារថយន្តអគ្គិសនី បញ្ញាសិប្បនិម្មិត និងថ្មអាគុយ។
ចំណែក នៅក្នុងវិស័យថាមពលស្អាតវិញ ភាគីទាំង២នឹងរួមដៃគ្នាកាត់បន្ថយការបំភាយកាបូន និងឧស្ម័នមេតាន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ លើគម្រោងកាត់បន្ថយមេតានដែលមានទំហំទឹកប្រាក់ចំនួន១៩លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងតំបន់អាស៊ានក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០៧ ដើម្បីអាចឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពីការប្រែប្រួលនៃបរិយាកាសធុរកិច្ច។
សមាគមអាស៊ានជាដៃគូពាណិជ្ជកម្ម និងគោលដៅវិនិយោគដ៏ធំបំផុតទី២របស់កូរ៉េខាងត្បូង ដោយទំហំពាណិជ្ជកម្មទ្វេរភាគីបានហក់ឡើងដល់ទំហំទឹកប្រាក់ប្រមាណ១៨៧,២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
ជាមួយគ្នានេះ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដើម្បីលើកកម្ពស់គម្រោងដែលបានព្រមព្រៀងគ្នាក្នុងវិស័យធំៗចំនួន៣ រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ធនធានមនុស្ស និងការផ្លាស់ប្តូរវប្បធម៌ និងការសិក្សា៕ប្រភព: VNA៕
