ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ វាសនាអ្នករត់ទូកដ នឹងបញ្ចប់នូវការងាររបស់ខ្លួន នាពេលខាងមុខ នៅពេលស្ពានមិត្តភាពកម្ពុជា កូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងបញ្ចប់ការសាងសង់នាពេលខាងមុខ។
ការសាងសង់ស្ពាននេះ អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
-->
ស្ពាននេះ នឹងជាlandmarkថ្មីមួយសម្រាប់រាជធានីមួយនេះ ហេតុនេះការឌីសាញទម្រង់ស្ពាន ពិតជាមានភាពចាំបាច់ ដែលត្រូវគិតពីសោភ័ណភាព ភាពទាក់ទាញ បញ្ហាបរិស្ថាន និងហុងស៊ុយនៃរាជធានីមួយនេះ។
កំណើនប្រជាសាស្រ្ត
ក្រោយស្ពាននេះបញ្ចប់ការសាងសង់ ច្បាស់ណាស់មនុស្សកាន់តែច្រើននឹងទៅរស់នៅតំបន់នេះ ដោយសារការធ្វើដំណើរមានភាពងាយស្រួល និងការអភិវឌ្ឍបុរី លំនៅដ្ឋាននានានឹងកើនឡើងផងដែរ។
បញ្ហានាពេលបច្ចុប្បន្ន គឺការឆ្លងសាឡាង ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ និងការឆ្លងពីតំបន់ក្បែរសណ្ឋាគារ និងកាស៊ីណូណាហ្កា១ ទៅកាន់តំបន់អរិយក្សត្រ ដែលឧបសគ្គចំបងសម្រាប់ការធ្វើដំណើរ។
លើសពីនេះ អ្នកទិញផ្ទះនៅតាមបុរី សំណង់លំនៅដ្ឋាននៅតំបន់នោះ នឹងទៅរស់នៅផ្ទះរបស់ពួកគេ បន្ទាប់ពីពួកគេបានទិញ និងទុកចោលមួយរយៈ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនឹងកាន់តែប្រសើរ
ដោយសារជាទីក្រុងថ្មី និងមានដីទំនេរច្រើន ហេតុនេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នឹងកាន់តែបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរពីតំបន់មួយ ទៅកាន់តំបន់មួយ ពិសេសការធ្វើដំណើរតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ដែលជាផ្លូវអាស៊ានហាយវេដ៏សំខាន់ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ តាមរយៈផ្លូវជាតិលេខ៥។
ការសាងសង់ទីក្រុងថ្មី នឹងកាន់តែមានសភាពងាយស្រួល លើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដែលមិនប៉ះពាល់ផ្ទះសំណង់លំនៅដ្ឋាននានារបស់ប្រជាពលរដ្ឋ។
ជាទីក្រុងថ្មីប្រកបដោយភាពស៊ីវិល័យមួយ
ទីក្រុងអរិយក្សត្រ ជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានឋានៈស្មើ នឹងស្រុកមួយចំនួនរបស់ខេត្តកណ្តាល គឺក្រុងតាខ្មៅ ទីក្រុងសំពៅពូន និងទីក្រុងអរិយក្សត្រ។
ទីក្រុងនេះមានឱកាសរីកចម្រើនខ្ពស់ និងលឿន ដោយសារទីក្រុងនេះ មានចំណុចពិសេសមួយចំនួនដូចជា ទី១ មានទីតាំងនៅកៀកឬជាប់នឹងរាជធានីភ្នំពេញ ទី២ ជាតំបន់ជាប់មាត់ទន្លេរ ដែលមានខ្យល់អាកាសត្រជាក់មនោរម្យ ខួបប្រាំង ខួបវស្សា ទី៣ ជាតំបន់ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកធំៗ បានត្រៀមដីទុក សម្រាប់សាងសង់បុរី រមណីយដ្ឋានរួចហើយ ទី៤ជាតំបន់ងាយស្រូល ក្នុងការតភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត និងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិនានា ដូចជា ផ្លូវជាតិលេខ៨ និងផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាដើម៕

