ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកទិញផ្ទះមកពីតំបន់ចិនដីគោក បានហូរចូលទៅក្នុងទីផ្សារអចលនទ្រព្យហុងកុង ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤ ដោយបង្កើតកំណត់ត្រានៃការលក់ បន្ទាប់ពីរដ្ឋបាលក្រុងហុងកុង បានលុបចោលវិធានការពន្ធប្រថាប់ត្រា ទាំងអស់របស់ខ្លួនកាលពីដើមឆ្នាំនេះ។
ប្រតិបត្តិការលក់ផ្ទះ ទៅឱ្យអ្នកទិញមកពីតំបន់ចិនដីគោកមានចំនួន៧.៥៧៥ប្រតិបត្តិការ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ កើនឡើង៧០ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។
-->
ទីភ្នាក់ងារអចលនទ្រព្យCentaline បានរាយការណ៍ថា ប្រាក់ចំណូលសរុបពីការលក់ផ្ទះ ទៅឱ្យប្រជាជនចិនដីគោកបានកើនឡើង៤៣ភាគរយ ដល់ទំហំទឹកប្រាក់ចំនួន៨៤,៨៩ពាន់លានដុល្លារហុងកុង (ប្រមាណ១០,៩ពាន់លានដុល្លារអាមេរិក)។
ក្រោយពីទីក្រុងហុងកុង បានដកចេញនូវវិធានការពន្ធប្រថាប់ត្រាទាំងអស់ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនអ្នកទិញមកពីចិនដីគោក បានគ្របដណ្តប់ចំណែកជាង២០ភាគរយនៃប្រតិបត្តិការលក់ផ្ទះទាំងអស់ នៅទីក្រុងហុងកុងសម្រាប់រយៈពេល៦ខែជាប់ៗគ្នា។
អតិថិជនចិនបានទិញផ្ទះចំនួន៧៤៥យូនីត ដែលគ្របដណ្តប់ចំណែក២២,៨ភាគរយ នៃការលក់ផ្ទះទាំងអស់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៅក្នុងខែសីហា។
លោក Louis Chan Wing-kit នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ Centaline បានលើកឡើងថា “មូលធនកាន់តែច្រើនពីតំបន់ចិនដីគោក នឹងហូរចូលទៅកាន់ទីក្រុងហុងកុង ជាពិសេសការស្វែងរកកំណប់ទ្រព្យ នៅក្នុងទីផ្សារអចលនទ្រព្យ”។
លោក Chan បានបន្តថា ទីផ្សារកំពុងទទួលបានអត្ថប្រយោជន៍ ពីគោលនយោបាយអត្រាការប្រាក់ដ៏ទាប និងវិធានការរបស់ទីក្រុងប៉េកាំង ដើម្បីគាំទ្រសេដ្ឋកិច្ចទាំងមូល។ លោកបានបន្ថែមថា ថ្មីៗនេះ បណ្តាធនាគារពាណិជ្ជនានា មានភាពសកម្មជាងមុនលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ។
ទីភ្នាក់ងារ Centaline បានអះអាងថា លំហូរធនធានមនុស្សមានទេពកោសល្យមួយចំនួនធំ និងអ្នកទិញផ្សេងទៀតមកពីចិនដីគោក ត្រូវបានទាក់ទាញឱ្យមកទិញ នៅទីក្រុងហុងកុង ដើម្បីទទួលបានការបញ្ចុះតម្លៃ ពីអ្នកអភិវឌ្ឍន៍នៅទីក្រុងនេះ។
អ្នកទិញភាគច្រើន មកពីតំបន់ចិនដីគោកមានការពេញនិយមជាពិសេស លើការទិញផ្ទះនៅតាមសង្កាត់ ដែលមានគម្រោងអភិវឌ្ឍន៍ថ្មីៗ។ ជាក់ស្ដែង នៅក្នុងខែសីហា សង្កាត់ Kai Tak បានឈរនៅលើកំពូលតារាង ដែលបានលក់ផ្ទះចំនួន១៣២យូនីត ទៅឱ្យអ្នកទិញមកពីចិនដីគោក ខណៈសង្កាត់ Tuen Mun ជាប់ចំណាត់ថ្នាក់លេខ២ ដោយបានលក់ផ្ទះចំនួន៥៥យូនីត ទៅឱ្យអ្នកទិញមកពីចិនដីគោក ហើយសង្កាត់ Sai Ying Pun បានកត់ត្រាការលក់ផ្ទះចំនួន១៩យូនីត៕ ប្រភព: SCMP៕

