ទីផ្សារអាផាតម៉ិននៅទីក្រុងហូជីមិញដាំក្បាលចុះនៅក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាផាតម៉ិនចំនួន១.៩១៥យូនីត នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានលក់ចេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។ តួលេខនេះបង្ហាញពីការធ្លាក់ចុះ ចំនួន១៦ភាគរយបើធៀបនឹងត្រីមាសទីពីរ។

ក្នុងចំណោមនោះ អាផាតម៉ិនដែលមានតម្លៃពី៣ពាន់លានដុងទៅ៥ពាន់លានដុង (ប្រមាណ១២១.០០០ទៅ២០២.០០០ដុល្លារអាមេរិក) គ្របដណ្តប់ចំនួន៦៦% នៃប្រតិបត្តិការលក់សរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam។

ការដាំក្បាលចុះនៃតម្រូវការ បានបណ្តាលឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន ដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយ ឬគោ​លនយោបាយទូទាត់ងាយស្រួល ​ដើម្បីទាក់ទាញអ្នកទិញ។

ជាក់ស្ដែង អ្នក​ទិញ​ត្រូវ​បង់​ប្រាក់​កក់មុន ត្រឹម​តែ១៥ភាគរយ ក្នុងការទិញអាផាតម៉ិន នៅ​គម្រោង​ចំនួន​២ ស្ថិតក្នុង​សង្កាត់ Tan Phu នៃទីក្រុងហូជីមិញ។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃអាផាតម៉ិនគិតជាមធ្យម ក៏បានធ្លាក់ចុះផងដែរធៀបនឹងត្រីមាសទី២។

តួយ៉ាង ការផ្គត់ផ្គង់អាផាតម៉ិន មានចំនួន៤.៨៧១យូនីត ធ្លាក់ចុះ១៣% ខណៈតម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងហូជីមិញបានធ្លាក់ចុះ១២% មកនៅត្រឹម៦៨លានដុង ក្នុងមួយម៉ែត្រការ៉េ។

លោកស្រី Giang Huynh ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Savills បានលើកឡើងថា តម្លៃអាផាតម៉ិនជាមធ្យមបានធ្លាក់ចុះ ដោយសារតែការដាំក្បាលចុះ យ៉ាងគំហុកនៃការផ្គត់ផ្គង់អាផាតម៉ិនប្រណីត ដែលមានតម្លៃចាប់ពី៥ពាន់លានដុងឡើងទៅ។

ក្នុងនោះ ចំនួនអាផាតម៉ិន ដែលមានតម្លៃទាបក្រោម៣ពាន់លានដុង បានគ្របដណ្តប់ចំណែក៣៨ភាគរយ នៃការផ្គត់ផ្គង់អាផាតម៉ិនសរុប ទៅក្នុងទីក្រុងហូជីមិញនៅត្រីមាសទី៣ ខណៈចំនួនអាផាតម៉ិន ដែលមានតម្លៃមធ្យមបានគ្របដណ្តប់ចំណែក៦០ភាគរយនៃការផ្គត់ផ្គង់សរុប។

ក្រុមហ៊ុន Savills បានព្យាករណ៍ថា អាផាតម៉ិនថ្មីចំនួន៦៧០០យូនីត នឹងត្រូវបានផ្គត់ផ្គង់បន្ថែមទៀត នៅក្នុងត្រីមាសទី៤ចុងក្រោយ ឆ្នាំនេះ ហើយការផ្គត់ផ្គង់ភាគច្រើនជាអាផាតម៉ិនប្រណីត និងអាផាតម៉ិនមានតម្លៃមធ្យម៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here